បងស្រី ហ៊ាង សុខណាន ជាម្ចាស់អាជីវកម្មលក់អីវ៉ាន់ចាប់ហួយបោះដុំ និងលក់រាយមួយរូប ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អាជីវកម្មលក់ចាប់ហួយរបស់បងស្រី សុខណាន ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនជិតឆ្ងាយ ដោយសារមុខទំនិញមានគុណភាព តម្លៃសមរម្យ និងមានអីវ៉ាន់ចម្រុះជាច្រើនប្រភេទតាមតម្រូវការរបស់អតិថិជន។
តើអ្វីជាអាថ៌កំបាំងដែលនាំឱ្យអាជីវកម្មរបស់ បងស្រី សុខណាន រីកចម្រើន? តស់! មកដឹងពីបទពិសោធរបស់គាត់ទាំងអស់គ្នា!
បងស្រី សុខណាន បានរៀបរាប់ថា ដំបូងឡើយគាត់មិនមានដើមទុនគ្រប់គ្រាន់សម្រាប់ពង្រីកអាជីវកម្មរបស់គាត់នោះទេ ដែលនេះគឺជាបញ្ហាដ៏ធំមួយរបស់គាត់។ ប៉ុន្តែការផ្លាស់ប្តូរដ៏គួរឱ្យគត់សម្គាល់មួយបានកើតឡើង នៅពេលដែលបងស្រី បានសម្រេចចិត្តប្រើប្រាស់សេវាហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC)។
ដើម្បីបង្កើតឱកាសដល់ការអភិវឌ្ឍ និងធ្វើឱ្យអាជីវកម្មរបស់គាត់រីកចម្រើន បងស្រី សុខណាន បានប្រើប្រាស់ប្រាក់កម្ចីសរុបចំនួន ៥វគ្គពី អិលអូអិលស៊ី (LOLC) ក្នុងការបន្ថែមស្តុកអីវ៉ាន់ចាប់ហួយឱ្យមានអីវ៉ាន់ចម្រុះគ្រប់ប្រភេទ សម្រាប់បំពេញតម្រូវការរបស់អតិថិជនបោះដុំ និងអតិថិជនលក់រាយរបស់គាត់។
គួរបញ្ជាក់ផងដែរថា ប្រាក់កម្ចីវគ្គទី១ គឺសម្រាប់ពង្រីកអាជីវកម្មដោយទិញអីវ៉ាន់ចាប់ហួយបន្ថែម។ បន្ទាប់ពីឃើញពីលទ្ធផលវិជ្ជមានក្រោយពីបានពង្រីកអាជីវកម្ម ដោយការលក់បានកើនឡើង បងស្រី ក៏បានស្នើសុំប្រាក់កម្ចីជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ ក្រោយមក បងស្រី ក៏បានប្រើប្រាស់ប្រាក់កម្ចីរហូតដល់ ៥វគ្គ សម្រាប់ពង្រីកអាជីវកម្ម ហើយបងស្រីក៏បានប្រើប្រាស់ប្រាក់កម្ចីមួយចំណែកសម្រាប់កែលម្អគេហដ្ឋានដូចជា តសំយាបផ្ទះ ដែលជាជំហានដំបូងក្នុងការលើកកម្ពស់ សោភណភាពផ្ទះ និងសុខមាលភាពក្នុងការរស់នៅរបស់គ្រួសារគាត់ផងដែរ។
ជាមួយនឹងទំនួលខុសត្រូវ និងមានផែនការច្បាស់លាស់ក្នុងការប្រើប្រាស់ប្រាក់កម្ចីពិតជាបានជួយឱ្យបងស្រី សុខណាន អាចបំប្លែងអាជីវកម្មពីហាងតូចមួយរបស់គាត់ឱ្យក្លាយជាអាជីវកម្មដែលមានលក្ខណៈធំទូលាយជាងមុន និងមានស្ថិរភាពប្រកបដោយភាពរីកចម្រើន។ បងស្រី សុខណាន ក៏បានបង្ហាញពីការពេញចិត្តចំពោះសេវាកម្មរបស់ អិលអូអិលស៊ី ផងដែរ តាមរយៈការផ្តល់សេវាកម្មឆាប់រហ័ស ហើយថែមទាំងបានផ្តល់ការប្រឹក្សាយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ និងបានផ្តល់ទំនុកចិត្តឱ្យគាត់បន្តពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ។