ភាពជោគជ័យរបស់អតិថិជន

    បងស្រី ជុំ ស្រីម៉ុច តែងតែផ្តល់ជូនទៅកាន់អតិថិជននូវម្ហូបអាហារប្រកបដោយអនាម័យ មានឱជារស និងតម្លៃសមរម្យ

    ជាមួយនឹងបទពិសោធន៍អស់រយៈពេលជាង ១៥ឆ្នាំ ក្នុងការប្រកបមុខរបរលក់បាយ និងគុយទាវ បងស្រី ជុំ ស្រីម៉ុច តែងតែផ្តល់ជូនទៅកាន់អតិថិជននូវម្ហូបអាហារប្រកបដោយអនាម័យ មានឱជារស និងតម្លៃសមរម្យ។ បច្ចុប្បន្នទីលំនៅ និងទីតាំងអាជីវកម្មរបស់បងស្រី ស្រីម៉ុច ស្ថិតនៅភូមិចន្លោះរេន ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទោះបីជាអាជីវកម្មរបស់បងស្រីទទួលបានការរីកចម្រើនក៏ដោយ ប៉ុន្តែកង្វះខាតដើមទុនសម្រាប់ពង្រីកអាជីវកម្មនៅតែជាឧបសគ្គដ៏សំខាន់មួយសម្រាប់បងស្រី ស្រីម៉ុច។ ដើម្បីជាដំណោះស្រាយ នៅឆ្នាំ២០២២ បងស្រី ស្រីម៉ុច បានសម្រេចចិត្តស្នើសុំប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួន ១០.០០០ ដុល្លារ ដើម្បីពង្រីកអាជីវកម្មលក់បាយ និងគុយទាវ។ ប្រាក់កម្ចីនេះត្រូវបានប្រើប្រាស់សម្រាប់ទិញសម្ភារផ្ទះបាយ បន្ថែមតុ កៅអី និងពង្រីកកន្លែងលក់បាយ និងគុយទាវឱ្យកាន់តែធំទូលាយ។ ក្រោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលដើមទុនបន្ថែមដ៏សំខាន់នេះ អាជីវកម្មរបស់បងស្រី ស្រីម៉ុច កាន់តែទទួលបានការគាំទ្រពីសំណាក់អតិថិជនបានកាន់តែច្រើនជាងមុន និងមានភាពរលូនទៅមុខ។ ក្រោយមកនៅឆ្នាំ២០២៥ ដោយមើលឃើញពីការរីកចម្រើនជាបន្តបន្ទាប់នៃអាជីវកម្ម និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ បងស្រីបានបន្តប្រើប្រាស់ប្រាក់កម្ចីវគ្គទី២ ពី អិលអូអិលស៊ី (LOLC) ចំនួន ២០.០០០ ដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ថែម និងប្រាក់កម្ចីដែលនៅសេសសល់ បងស្រីបានយកទៅជួសជុលលំនៅឋាន។ ដើមទុនលើកនេះបានជួយឱ្យបងស្រីអាចបន្ថែមសម្ភារថ្មីៗ រៀបចំកន្លែងលក់ឱ្យកាន់តែមានផាសុកភាព និងកែលម្អផ្ទះសម្បែងឱ្យកាន់តែរឹងមាំសម្រាប់គ្រួសាររបស់គាត់។ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ អាជីវកម្មរបស់បងស្រី ជុំ ស្រីម៉ុច បានរីកចម្រើន ហើយថែមទាំងជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ បងស្រីបានចាត់ទុក អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុដ៏សំខាន់ ដែលបានគាំទ្រទាំងដើមទុន និងការណែនាំផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញការរីកចម្រើនប្រកបដោយចីរភាព។
    បងស្រី យុំ សារ៉ាយ ម្ចាស់អាជីវកម្មលក់ទំនិញចាប់ហួយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

    «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលអាជីវកម្មរបស់ខ្ញុំអាចរីកចម្រើនមកដល់សព្វថ្ងៃនេះ។ អិលអូអិលស៊ី (LOLC) បានផ្តល់ប្រាក់កម្ចីមកកាន់ខ្ញុំ ដែលអាចឱ្យខ្ញុំមានឱកាសពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ»។ នេះជាប្រសាសន៍របស់បងស្រី យុំ សារ៉ាយ ម្ចាស់អាជីវកម្មលក់ទំនិញចាប់ហួយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សម្រាប់បងស្រី យុំ សារ៉ាយ ភាពជោគជ័យនៅថ្ងៃនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តអស់រយៈពេលជាង ៨ឆ្នាំ របស់គាត់។ ដើមឡើយអាជីវកម្មរបស់បងស្រី សារ៉ាយ គ្រាន់តែជាតូបចាប់ហួយតូចមួយ ដែលមានទំនិញសម្រាប់លក់មិនសូវច្រើន ហើយប្រាក់ចំណូលដែលទទួលបានក៏នៅមានកម្រិត។ ទោះបីជាជួបការលំបាកក្នុងជីវភាពគ្រួសារក៏ដោយ ក៏បងស្រីនៅតែបន្តខិតខំប្រឹងប្រែង និងជឿជាក់លើអាជីវកម្មរបស់គាត់។ ដោយទទួលបានការណែនាំពីសាច់ញាតិ និងបងប្អូន បងស្រីបានស្គាល់ និងជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុក្នុងការគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ខ្លួន។ នៅឆ្នាំ២០១៧ បងស្រីបានទទួលប្រាក់កម្ចីលើកដំបូង ដើម្បីបង្កើនស្តុកទំនិញសម្រាប់លក់។ ដោយមើលឃើញពីការរីកចម្រើននៃអាជីវកម្ម បងស្រីបានបន្តទទួលប្រាក់កម្ចី នៅឆ្នាំ២០១៩ និងនៅឆ្នាំ ២០២២ ដើម្បីពង្រីកអាជីវកម្ម និងបន្ថែមប្រភេទទំនិញឱ្យកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់គាត់ថែមទៀត។ ក្រោយមកនៅឆ្នាំ២០២៥ បងស្រីក៏បានទទួលប្រាក់កម្ចីបន្ថែម ដើម្បីបង្កើនស្តុកទំនិញ និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បងស្រី សារ៉ាយ បានធ្វើឱ្យអាជីវកម្មរបស់គាត់ទទួលបានការរីកចម្រើនជាបន្តបន្ទាប់។ ពីតូបចាប់ហួយតូចមួយ និងមានទំនិញបន្តិចបន្ទួច បានក្លាយទៅជាតូបដែលមានទំនិញចម្រុះ និងទទួលបានការគាំទ្រពីអតិថិជនជាច្រើនក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលគ្រួសារក៏មានការកើនឡើង ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតស្ថិរភាពហិរញ្ញវត្ថុកាន់តែប្រសើរឡើង។
    អ្នកមីង ធឹក ផើយ មានមុខរបរជាអ្នកដាំបន្លែចម្រុះ ដែលមានទីតាំងស្ថិតនៅភូមិពពិស ឃុំក្របីរៀល ស្រុកសៀមរាប ខេត្តសៀមរាប

    ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ អ្នកមីង ធឹក ផើយ តែងតែនៅក្នុងចម្ការរបស់គាត់ និងមើលថែដំណាំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាបន្លែអាចទទួលបានទិន្នផលគ្រប់គ្រាន់ ហើយមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ អ្នកមីង ធឹក ផើយ មានមុខរបរជាអ្នកដាំបន្លែចម្រុះ ដែលមានទីតាំងស្ថិតនៅភូមិពពិស ឃុំក្របីរៀល ស្រុកសៀមរាប ខេត្តសៀមរាប។ ដោយសារតែមានចំណង់ចំណូលចិត្តក្នុងការដាំដុះ ទោះបីជាការប្រកបមុខរបរនេះ ប្រឈមនឹងបញ្ហា ព្រមទាំងមានការហត់នឿយក្តី ក៏អ្នកមីង ផើយ នៅតែបន្តដាំដុះ និងអភិវឌ្ឍមុខរបររបស់ខ្លួនឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC)។ ដំបូងឡើយ ដោយសារតម្រូវការបន្លែកាន់តែកើនឡើង អ្នកមីងបានជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុដើម្បីពង្រីកមុខរបររបស់ខ្លួននៅក្នុងឆ្នាំ២០១៥ ចំនួន ពីរលានរៀល សម្រាប់ទិញពូជបន្លែ និងសម្ភារកសិកម្មបន្ថែម ដែលជួយឱ្យការដាំដុះរបស់គាត់កាន់តែប្រសើរ។ បន្ទាប់ពីទទួលបានលទ្ធផលល្អដូចដែលបានគ្រោងទុក នៅឆ្នាំ២០១៧ អ្នកមីងបានបន្តស្នើប្រាក់កម្ចីវគ្គទី២ ចំនួន បីលានរៀល ដើម្បីពង្រីកផ្ទៃដីដាំដុះ និងបន្ថែមប្រភេទបន្លែឱ្យកាន់តែសម្បូរបែប។ ក្រោយមកនៅឆ្នាំ២០១៨ អ្នកមីងបានស្នើប្រាក់កម្ចីវគ្គទី៣ ចំនួន ប្រាំមួយពាន់ដុល្លារ ដើម្បីទិញដីស្រែបន្ថែម ដែលនេះជាចំណុចផ្លាស់ប្តូរដ៏សំខាន់ក្នុងការបង្កើនការដាំដុះ និងផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារបានយ៉ាងមានស្ថិរភាព។ រហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីចំណូលពីមុខរបរនេះ មានស្ថិរភាពជាងមុន អ្នកមីងបានស្នើប្រាក់កម្ចីវគ្គទី៤ ចំនួន ពីរម៉ឺនពីរពាន់ដុល្លារ ដើម្បីទិញដីភូមិមួយកន្លែង និងសាងសង់ផ្ទះថ្មីមួយដ៏មានផាសុកភាពសម្រាប់គ្រួសារ។ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ និងការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នាំឱ្យមុខរបររបស់អ្នកមីង ធឹក ផើយ ទទួលបានការរីកចម្រើនជាខ្លាំង ដែលធ្វើឱ្យអ្នកមីងក្លាយជាអ្នកផ្គត់ផ្គង់បន្លែដ៏សំខាន់មួយរូបក្នុងតំបន់ដែលគាត់រស់នៅ។ សាច់រឿងរបស់ អ្នកមីង ផើយ បានបង្ហាញថាយ៉ាងច្បាស់ថា ការខិតខំប្រឹងប្រែង និងការប្រើប្រាស់ប្រាក់កម្ចីបានត្រឹមត្រូវ ពិតជាអាចជួយលើកកម្ពស់ជីវភាព និងបង្កើតអនាគតមួយកាន់តែប្រសើរឡើងសម្រាប់ខ្លួនឯង និងគ្រួសារ។
    ប្អូនស្រី ផៃ លាក់ អាជីវករលក់សម្លៀកបំពាក់ និងគ្រឿងក្រអូប នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

    “ខ្ញុំសូមអរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើជាដើមទុន និងការប្រឹក្សាផ្នែកហិរញ្ញវត្ថុមកកាន់រូបខ្ញុំ ដែលបានជួយឱ្យខ្ញុំអាចគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវ និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់” នេះជាការលើកឡើងរបស់ ប្អូនស្រី ផៃ លាក់ អាជីវករលក់សម្លៀកបំពាក់ និងគ្រឿងក្រអូប នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អស់រយៈពេលជាង ១០ឆ្នាំមកនេះ ប្អូនស្រី លាក់ បានខិតខំប្រកបរបរលក់ទំនិញចម្រុះ រួមមានសម្លៀកបំពាក់ គ្រឿងក្រអូប និងអីវ៉ាន់ចាប់ហួយបន្តិចបន្តួច។ លើសពីនេះ ប្អូនស្រីក៏មានមុខរបរចិញ្ចឹមជ្រូកផងដែរ។ ដោយសារកត្តាភូមិសាស្ត្រអំណោយផលពីទីតាំងលក់ដូរដែលស្ថិតនៅឆ្ងាយពីផ្សារ បានធ្វើឱ្យអាជីវកម្មរបស់ប្អូនស្រី ទទួលការគាំទ្រពីសំណាក់អតិថិជនជាច្រើនក្នុងតំបន់នោះ។ដើម្បីបំពេញតម្រូវការអតិថិជនឱ្យកាន់តែល្អប្រសើរ ប្អូនស្រី លាក់ បានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដំបូងពី អិលអូអិលស៊ី (LOLC) នៅក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងបន្ថែមដើមទុន ទិញទំនិញចូលស្តុកដូចជាសម្លៀកបំពាក់ គ្រឿងក្រអូប និងអីវ៉ាន់ចាប់ហួយ។ បន្ទាប់ពីឃើញភាពរីកចម្រើន និងដំណើរការអាជីវកម្មកាន់តែល្អប្រសើរ ប្អូនស្រី បានបន្តប្រើប្រាស់ប្រាក់កម្ចីវគ្គបន្តបន្ទាប់ ដើម្បីអភិវឌ្ឍអាជីវកម្មរហូតមកដល់បច្ចុប្បន្ននេះ។ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីបានចំគោលដៅ យ៉ាងមានប្រសិទ្ធភាព បានធ្វើឱ្យប្អូនស្រី ផៃ លាក់ មានទំនុកចិត្តមកលើ អិលអូអិលស៊ី (LOLC) កាន់តែខ្លាំង ព្រោះការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) នេះហើយ បានជួយឱ្យអាជីវកម្មរបស់ប្អូនស្រីរីកចម្រើន អាចបំពេញតម្រូវការអតិថិជនបានល្អប្រសើរ ហើយថែមទាំងជួយបង្កើនប្រាក់ចំណូល ដែលធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើងផងដែរ។
    បងស្រីម្នាក់ឈ្មោះ ស៊ន ហាន មានមុខរបរជាអ្នកចិញ្ចឹមចង្រិត បានផ្លាស់ប្តូរជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងតាមរយៈការប្តេជ្ញាចិត្ត និងការប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) យ៉ាងឆ្លាតវៃក្នុងការពង្រីកមុខរបរចិញ្ចឹមចង្រិតនេះ

    ស្ថិតនៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត មានបងស្រីម្នាក់ឈ្មោះ ស៊ន ហាន មានមុខរបរជាអ្នកចិញ្ចឹមចង្រិត បានផ្លាស់ប្តូរជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងតាមរយៈការប្តេជ្ញាចិត្ត និងការប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) យ៉ាងឆ្លាតវៃក្នុងការពង្រីកមុខរបរចិញ្ចឹមចង្រិតនេះ។ អស់រយៈពេលជាង ១០ឆ្នាំ មកនេះ បងស្រី ហាន បានសន្សំបទពិសោធន៍ជាច្រើនរបស់ខ្លួនក្នុងការប្រកបមុខរបរនេះ ទោះបីជាមានឧបសគ្គមួយចំនួនក៏ដោយក៏បងស្រីនៅតែប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យអាជីវកម្មរបស់គាត់ទទួលបានភាពជោគជ័យរហូតមកដល់បច្ចុប្បន្ន។ មុនពេលប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) បងស្រី ហាន ជាអ្នកចិញ្ចឹមចង្រិតខ្នាតតូចម្នាក់ ដែលមុខរបរនេះបានផ្ដល់មកគាត់ត្រឹមតែប្រាក់ចំណូលបន្តិចបន្តួចប៉ុណ្ណោះ។ ក្រោយមកបន្ទាប់ពីបានស្គាល់ និងក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) បងស្រីបានស្នើសុំកម្ចីវគ្គទី១ ចំនួន ១០.៤០០.០០០ រៀល នៅឆ្នាំ២០២០ ដើម្បីទិញសម្បុកចង្រិតបន្ថែម និងប្រាក់កម្ចីមួយចំណែកទៀត បងស្រីក៏បានយកទៅទិញម៉ូតូ ១ គ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ព្រោះតែភាពឧស្សាហ៍ព្យាយាម និងការគ្រប់គ្រងអាជីវកម្មយ៉ាងមានប្រសិទ្ធភាព បានធ្វើឱ្យមុខរបររបស់បងស្រី ហាន រីកចម្រើនកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ ដោយមើលឃើញពីការរីកចម្រើននេះ បងស្រី បានប្រើប្រាស់ប្រាក់កម្ចីវគ្គទី២ ចំនួន ១៧.០០០ ដុល្លារ នៅឆ្នាំ ២០២២ និងប្រាក់កម្ចីវគ្គទី៣ ចំនួន ២៨.៥០០ ដុល្លារ នៅឆ្នាំ២០២៦ ដើម្បីបន្តពង្រីកទីតាំងចិញ្ចឹម និងបង្កើនការចិញ្ចឹមចង្រិតឱ្យបានច្រើនជាងមុន។ បន្ថែមពីនេះ បងស្រី ក៏វិនិយោគទៅលើការទិញដីបានចំនួនពីរកន្លែងសម្រាប់ប្រើប្រាស់នាពេលអនាគតទៀតផងដែរ។ បងស្រី ហាន ក៏បានថ្លែងអំណរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ផលិតផលប្រាក់កម្ចីដែលមានលក្ខខណ្ឌសមរម្យ និងមានសេវាកម្មល្អ ក្នុងការគាំទ្រដល់ការពង្រីកអាជីវកម្ម និងជួយឱ្យជីវភាពរបស់គាត់ និងគ្រួសារកាន់តែល្អប្រសើរ។