សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

"សម្រង់សម្តីក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៤"

លោក BRINDLEY DE ZYLVA

ប្រធានក្រុមប្រឹក្សាភិបាល


សូមគោរពជូនដល់ភាគីពាក់ព័ន្ធទាំងអស់
ខ្ញុំបាទមានសេចក្តីសោមនស្សយ៉ាងក្រៃលែងក្នុងការបង្ហាញជូនលោកអ្នកនូវរបាយការណ៍ប្រចាំឆ្នាំរបស់ អិលអូអិលស៊ី (ខេមបូឌា) សម្រាប់ឆ្នាំ២០២៤។ នៅពេលដែលយើងឆ្លុះបញ្ចាំងមើលឡើងវិញពីសមិទ្ធផល បញ្ហាប្រឈម និងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងឆ្នាំនេះ ខ្ញុំបាទពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលយើងអាចសម្រេចបានក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងការផ្តល់តម្លៃដល់ភាគីពាក់ព័ន្ធរបស់យើង។

ទស្សនវិស័យសេដ្ឋកិច្ចសាកល
សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងរក្សាបាននូវស្ថិរភាព ប៉ុន្តែងាយនឹងរងឥទ្ធិពលពីភាពមិនច្បាស់លាស់ដោយព្យាករណ៍ថានឹងមានកំណើនត្រឹម ៣,២% ទាំងនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកបានប្រឈមដោយសម្ពាធអតិផរណា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការងើបប្រសើរឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាតកូវីដ១៩។ ខណៈពេលដែលសេដ្ឋកិច្ចប្រទេសជឿនលឿន បានជួបប្រឈមនឹងអត្រាកំណើនមធ្យម ទីផ្សារប្រទេសកំពុងរីកចម្រើន បានបង្ហាញពីភាពធន់ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការងើបឡើង វិញនៃសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់នៅក្នុងសក្ដានុពលពាណិជ្ជកម្ម និងតម្លៃទំនិញប្រែប្រួលនៅតែបន្តបង្កបញ្ហាប្រឈមនៅក្នុងវិស័យឧស្សាហកម្មនៅទូទាំងពិភពលោក។

សេដ្ឋកិច្ចកម្ពុជា
សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% នៅឆ្នាំ២០២៤ ដែលកើនឡើងពី ៥,៦% ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៦,១% នៅឆ្នាំ២០២៥ និង ៦,៤% នៅឆ្នាំ២០២៦ នេះបើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោក។ ទស្សនវិស័យវិជ្ជមាននេះត្រូវបានជំរុញដោយការងើបឡើងវិញនៃការនាំចេញផលិតផលសម្លៀកបំពាក់ ផលិតផលសម្រាប់ការធ្វើ ដំណើរ និងការនាំចេញស្បែកជើង ក៏ដូចជាការស្ទុះងើបឡើងវិញនៃ វិស័យទេសចរណ៍ ជាមួយនឹងអត្រាការមកទស្សនារបស់ ភ្ញៀវ ទេសចរណ៍អន្តរជាតិកើនឡើងដល់ ៨៤% នៃកម្រិតមុនការរាតត្បាតនៃកូវីដ១៩ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤។ តំបន់អាស៊ានបានក្លាយទៅជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក ខណៈដែលការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្មបានរួមចំណែកបន្ថែមទៀតដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពសំណង់នៅតែធ្លាក់ចុះដោយសារតែការកែតម្រូវជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យ ដែលនាំឱ្យមានការថយចុះនៃកំណើនឥណទានក្នុងស្រុក ប៉ះពាល់ដល់ការប្រើប្រាស់ឯកជន និងការប្រមូលចំណូលក្នុងស្រុក។

សមិទ្ធផល និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ
ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ អិលអូអិលស៊ី (ខេមបូឌា) បានអនុវត្តវិធីសាស្រ្តយុទ្ធសាស្ត្រប្រកបដោយការប្រុងប្រយ័ត្នដោយធានា នូវកំណើនប្រកបដោយនិរន្តរភាពខណៈពេលដែលរក្សាបាននូវភាពធន់ នៃប្រតិបត្តិការ។ ការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះ ការបង្កើតថ្មី ការផ្តល់ដំណោះស្រាយដោយផ្តោតសំខាន់លើអតិថិជន និងឧត្តមភាព ប្រតិបត្តិការ បានអនុញ្ញាតឱ្យយើងអាចពង្រីកផលប័ត្រឥណទានរបស់ យើងរហូតដល់ជាង ១,៣ពាន់លានដុល្លារ និងសមតុល្យប្រាក់បញ្ញើរបស់យើងដល់ជាង ១,០ពាន់លានដុល្លារ ខណៈពេលដែលរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ។

ដោយទទួលស្គាល់សក្តានុពលការផ្លាស់ប្តូរនៃបច្ចេកវិទ្យា យើងបានបោះជំហានយ៉ាងសំខាន់ក្នុងការច្នៃប្រឌិតថ្មីៗលើផលិតផល និងសេវាកម្មរបស់យើងឱ្យស្របទៅតាម បរិបទឌីជីថល។ ការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល និងការធ្វើបច្ចុប្បន្នភាពឱ្យប្រសើរឡើងជាបន្តបន្ទាប់លើសេវាធនាគារឌីជីថលរបស់យើង បានផ្តល់លទ្ធភាពឱ្យអតិថិជនទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុយ៉ាងសម្បូរបែប កាន់តែមានភាពងាយស្រួលជាងមុន និងប្រកបដោយបរិយាបន្ន។ លើសពីនេះ ការវិនិយោគលើការវិភាគទិន្នន័យ និងសុវត្ថិភាពតាម អ៊ីនធើណែត បានពង្រឹងភាពធន់នៃប្រតិបត្តិការរបស់យើង និងពង្រឹងទំនុកចិត្តរបស់អតិថិជន។ ភាពជឿនលឿនផ្នែកឌីជីថលទាំងនេះ បានធ្វើឱ្យអិលអូអិលស៊ី (ខេមបូឌា) មានជំហរយ៉ាងរឹងមាំក្នុងការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលកាន់តែខ្លាំងឡើង។

ថ្វីត្បិតតែ អិលអូអិលស៊ី បន្តពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ អិលអូអិលស៊ី នៅតែ ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់បម្រើសេវាដល់អតិថិជនដែលមានចំណូលទាបដោយចំនួនអតិថិជនកម្ចីខ្នាតតូច និងមីក្រូមានប្រមាណជាង ៦០% នៃកម្ចីសរុបរបស់ អិលអូអិលស៊ី។ គួរកត់សម្គាល់ផងដែរថា ៧០% នៃអតិថិជនរបស់យើងជាស្ត្រី ដែលភាគច្រើនរស់នៅជនបទនៃប្រទេសកម្ពុជា។ កម្ចីខ្នាតមីក្រូមានប្រមាណ ២០% នៃផលប័ត្រឥណទានសរុប ហើយ៨០% នៃកម្ចីទាំងនេះត្រូវបានផ្តល់ជូន អតិថិជនដោយ មិនតម្រូវឱ្យអតិថិជនដាក់អចលនទ្រព្យជាទ្រព្យដាក់ធានា។

ទំហំឥណទានជាមធ្យមសម្រាប់កម្ចីខ្នាតមីក្រូមានចំនួនត្រឹមតែ ១.០០០ ដុល្លារអាមេរិក។ កម្ចីដល់សហគ្រិនខ្នាតតូច មធ្យម និងធំ ដែលរួមចំណែក ៨០% នៃផលប័ត្រឥណទានសរុប បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យខ្នាតមីក្រូ ដែលបានជួយយើងក្នុងការបន្តផ្តល់នូវបរិយាបន្នសម្រាប់ម៉ូដែលអាជីវកម្មរបស់យើង។

ការប្តេជ្ញាចិត្តចំពោះបរិស្ថាន សង្គម អភិបាលកិច្ច និងចីរភាព
អិលអូអិលស៊ី (ខេមបូឌា) នៅតែបន្តយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវ ការអនុវត្តតាមគោលការណ៍បរិសា្ថន សង្គម និងអភិបាលកិច្ច (ESG) ដោយបានរួមបញ្ចូលគោលការណ៍ចីរភាពទៅក្នុងកា រប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗ ដូចខាងក្រោម៖
 ការចូលរួមជាមួយអង្គការ United Nations Global Compact (UNGC)៖ នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះចីរភាព ដោយបានរៀបចំយុទ្ធសាស្ត្ររបស់យើងឱ្យស្របទៅនឹងគោលការណ៍ ជាសាកលរបស់ UNGC ស្តីពីសិទ្ធិមនុស្ស ពលកម្ម បរិស្ថាន និង ការប្រឆាំងអំពើពុករលួយ ក៏ដូចជាការជំរុញគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព (SDGs)។
 ពង្រឹងបន្ថែមលើការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រដល់គម្រោងចីរភាពបរិស្ថាន។
 ពង្រឹងបន្ថែមលើកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ ដល់សហគមន៍ដែលនៅខ្វះខាតផ្នែកចំណេះដឹងហិរញ្ញវត្ថុ។
 លើកកម្ពស់ការអនុវត្តស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ច និងតម្លាភាព នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង។

កិច្ចខិតខំប្រឹងប្រែងទាំងនេះស្របតាមបេសកកម្មរបស់យើងក្នុងការបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ដែលយើងផ្តល់សេវា ស្របពេលដែលធានាបាននូវកំណើនប្រកបដោយនិរន្តរភាព និងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។

ការអនុលោមតាមបទប្បញ្ញត្តិ និងភាពធន់នៃប្រតិបត្តិការ
អិលអូអិលស៊ី (ខេមបូឌា) នៅតែរក្សាបាននូវ អនុលោមភាពពេញលេញលើរាល់បទប្បញ្ញត្តិ និងអនុបាតដ៏រឹងមាំដែលកំណត់ដោយ ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់យើងបានបង្ហាញនូវភាពធន់ និងការសម្របខ្លួន ទៅនឹង ការប្រែប្រួលនៃម៉ាក្រូសេដ្ឋកិច្ច ខណៈពេលដែលរក្សាបាននូវការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះរាល់ច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងឡាយ។

ទស្សនវិស័យនាពេលអនាគត
អិលអូអិលស៊ី (ខេមបូឌា) នៅតែបន្តបោះជំហ៊ានទៅមុខ ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការ ជំរុញកំណើនប្រកបដោយនិរន្តរភាព ទទួលយកគំនិតច្នៃប្រឌិតថ្មីៗ និងការផ្តល់នូវតម្លៃ ដល់ភាគីពាក់ព័ន្ធរបស់យើង។ ខណៈពេលដែលយើងមើលឃើញបញ្ហាប្រឈមនៅខាងមុខ យើងមានទំនុកចិត្តថា ការផ្តោតសំខាន់លើការអនុវត្តតាមយុទ្ធសាស្រ្តរបស់យើង អភិបាលកិច្ចរឹងមាំ និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ នឹងអនុញ្ញាតឱ្យយើងចាប់យកឱកាសដែលកំពុងរីកចម្រើន និងបន្តបង្កើតលទ្ធផលវិជ្ជមាន។

តាងនាមក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូម ថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នកដែលពាក់ព័ន្ធទាំងអស់រួមមាន អតិថិជន វិនិយោគិន និយ័តករ ធនាគារនិងដៃគូម្ចាស់កម្ចីទាំងក្នុង និងក្រៅប្រទេស សម្រាប់ការជឿជាក់ ការជឿទុកចិត្ត និងការ គាំទ្រចំពោះការរីកចម្រើនរបស់ អិលអូអិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

ខ្ញុំបាទក៏ សូមកោតសរសើរចំពោះក្រុមប្រឹក្សាភិបាលទាំងអស់ សម្រាប់ ការប្រឹក្សា និងការណែនាំ ក៏ដូចជាចំពោះ លោកប្រធាននាយកប្រតិបត្តិ លោកអនុប្រធាននាយកប្រតិបត្តិ និងបុគ្គលិក អិលអូអិលស៊ី ទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង និងសម្រេចបានសមិទ្ធផលដ៏គួរឱ្យកោតសរសើរ។ ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ម្ចាស់ភាគទុនិក របស់យើងចំពោះ ការគាំទ្រ និងទំនុកចិត្តឥតងាករេ ចំពោះចក្ខុវិស័យរបស់យើង។

ជាមួយគ្នា យើងនឹងបន្តកសាង អនាគតដ៏ត្រចះត្រចង់ និងសម្បូរបែបសម្រាប់ទាំងអស់គ្នា។