"សម្រង់សម្តីក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៤"
វិស័យមីក្រូហិរញ្ញវត្ថុបានបង្ហាញភាពធន់ និងកំណើនមធ្យមក្នុងឆ្នាំ២០២៤។ ថ្វីត្បិតតែសេដ្ឋកិច្ចសាកលមានភាពប្រឈម វិស័យមីក្រូហិរញ្ញវត្ថុរក្សាបាននូវកំណើនចំនួន ៣,៩% ដែលត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការ បរិយាបន្នហិរញ្ញវត្ថុ ការគាំទ្រផ្នែក បទប្បញ្ញត្តិដ៏រឹងមាំ និងការជឿនលឿននៃហិរញ្ញវត្ថុឌីជីថល។
គិតត្រឹមដំណាច់ឆ្នាំ២០២៤ ទំហំផលប័ត្រឥណទាននៃវិស័យមីក្រូ
ហិរញ្ញវត្ថុមានចំនួន ៥,៣ ពាន់លានដុល្លារអាមេរិក ដែលមានគណនី
ឥណទានចំនួន ១,៦ លានគណនី។ ឥណទានរបស់វិស័យមីក្រូ
ហិរញ្ញវត្ថុត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ក្រុមគ្រួសារមានចំណែក ៣២,៨% កសិកម្ម ២០,៨% ពាណិជ្ជកម្មនិងជំនួញ ២០,១% សេវាកម្ម ១១,៨% សំណង់ ៦,៧% ដឹកជញ្ជូន ២,៧% កម្មន្តសាល ២,៧% និងផ្សេងៗ ២,៤%។ ទន្ទឹមនឹងនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើពីអតិថិជនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២លានគណនី។ ជារួមគ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុភាគច្រើនមានភាពរឹងមាំ និងអាចធន់នឹងហានិភ័យនានាដោយគ្រឹះស្ថានបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនអនុលោមតាមច្បាប់
និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន សេចក្តីណែនាំនិងវិធានការនានាដែលបាន
ដាក់ចេញដោយធនាគារជាតិនៃកម្ពុជា នេះបើយោងតាមរបាយការណ៍
ប្រចាំឆ្នាំ២០២៤ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។
នៅក្នុងឆ្នាំ២០២៤ អិលអូអិលស៊ីរក្សាបាននូវភាពធន់ និងវឌ្ឍនភាព។
អិលអូអិលស៊ី អនុវត្តប្រតិបត្តិការអាជីវកម្មរបស់ ខ្លួនដោយការប្រុងប្រយ័ត្ន និងរក្សាបាននូវកំណើនផលប័ត្រឥណទានប្រកបដោយគុណភាព និងការគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ។
ថ្វីត្បិតតែមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល អិលអូអិលស៊ី សម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់លើប្រតិបត្តិការសំខាន់ៗរបស់យើង។
ផលប័ត្រឥណទាន
អិលអូអិលស៊ី អនុវត្តប្រតិបត្តិការអាជីវកម្មរបស់ ខ្លួនដោយការប្រុងប្រយ័ត្ន ដើម្បីធានាបាននូវគុណភាព និងនិរន្តរភាព។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ផលប័ត្រឥណទានមានចំនួនប្រមាណជាង១.៣
ពាន់លានដុល្លារអាមេរិក ដែលមានកំណើន៦% ធៀបនឹងដំណាច់
ឆ្នាំ២០២៣។ អិលអូអិលស៊ី កំពុងផ្តល់សេវាដល់អតិថិជនកម្ចីប្រមាណ
៣៣០.០០០ នាក់។ ចំនួនអតិថិជនរួមមាន អតិថិជនក្រុម ៣៧% និងអតិថិជនឯកត្តជន ៦៣%។ ប្រាក់កម្ចី ៦៤% ត្រូវបានផ្តល់ទៅកាន់សហគ្រិនខ្នាតមីក្រូ (ដែលមានទំហំកម្ចី ≤ ៣.០០០ ដុល្លារអាមេរិក) ដែលក្នុងនោះ ៨០% មិនមានដាក់អចលនទ្រព្យជាទ្រព្យធានា។ ផលប័ត្រឥណទាននៃកម្ចីខ្នាតមីក្រូមានចំនួនត្រឹមតែ ២០% នៃទំហំផលប័ត្រឥណទានសរុប ដែលទំហំឥណទានជាមធ្យមមានចំនួន ១.០០០ ដុល្លារអាមេរិក ខណៈដែល ៨០% នៃផលប័ត្រឥណទានត្រូវបានផ្តល់ទៅកាន់ វិស័យឥណទានខ្នាតតូច មធ្យម និងខ្នាតធំ។ ផលប័ត្រឥណទានប្រមាណជា ៣០% ត្រូវបានផ្តល់ជូនអតិថិជនជា រូបិយប័ណ្ណក្នុងស្រុក។
គុណភាពផលប័ត្រឥណទាន
ការរក្សាគុណភាពផលប័ត្រឥណទាននៅតែជាអាទិភាពចម្បងរបស់
យើងនៅក្នុងឆ្នាំ២០២៤។ ជាមួយនឹងការសម្របខ្លួនទៅនឹងការផ្លាស់ ប្តូរនៃម៉ាក្រូសេដ្ឋកិច្ច និងការលំបាកនានា អិលអូអិលស៊ី បានត្រៀម
ខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងស្ថានភាពអវិជ្ជមានទាំងនេះ និងអាចរក្សាបាននូវកំណើនផលប័ត្រឥណទានប្រកបដោយគុណភាព និងការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អិលអូអិលស៊ី បានសហការគ្នាយ៉ាងជិតស្និទ្ធិដើម្បីពង្រឹងលើការគ្រប់គ្រងហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុងដោយ
អនុវត្តវិធានការ ដូចខាងក្រោម៖
ការសិក្សា និងវាយតម្លៃឥណទានត្រូវបានធ្វើឡើងដោយផ្អែកជា
មូលដ្ឋានលើការវិភាគលំហូរសាច់ប្រាក់។
ការបែងចែកកម្រិតសិទ្ធិក្នុងការត្រួតពិនិត្យ និងការអនុម័តលើឥណទាន។
ការត្រួតពិនិត្យជាញឹកញាប់លើគោលនយោបាយនីតិវិធី និង
គោលការណ៍ណែនាំ ព្រមទាំងការអនុវត្តលើគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំទាំងនោះ។
ការគាំទ្រពីប្រព័ន្ធក្នុងការរកឃើញ និងបង្ការការអនុវត្តដែលមិនត្រឹមត្រូវ ខុសពីគោលនយោបាយ និងនីតិវិធី។
បន្តពង្រឹងការត្រួតពិនិត្យឥណទានបន្ទាប់ពីទម្លាក់ទុនរួចតាមរយៈវិធីសាស្ត្រផ្សេងៗគ្នា។
ការបញ្ជ្រាបវប្បធម៌នៃការគ្រប់គ្រងហានិភ័យនៅទូទាំងអិលអូអិលស៊ី (ខេមបូឌា)។
បន្តពង្រឹងក្រុមការងារធានាគុណភាពឥណទាន ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្ត និងការត្រួតពិនិត្យផ្ទៃក្នុង។
នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង។
កែលម្អរចនាសម្ព័ន្ធនៃ ការលើកទឹកចិត្តមន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និងបុគ្គលិកសហគមន៍ផ្សេងទៀត ដោយផ្អែកលើ គុណភាពឥណទានជាចម្បង។
ការត្រួតពិនិត្យការិយាល័យឥណទាននៃកម្ពុជាឱ្យបាន ១០០% ចំពោះអ្នកខ្ចី និងអ្នករួមខ្ចី មុនពេលទម្លាក់ទុន ដើម្បីវាយតម្លៃ ឥណទានរបស់អតិថិជនម្នាក់ៗឱ្យបានហ្មត់ចត់ (វាយតម្លៃដោយផ្អែកលើលំហូរសាច់ប្រាក់)។
បន្តផ្តល់វគ្គបណ្តុះបណ្តាល និងកម្មវិធីរក្សាបុគ្គលិក ដើម្បីពង្រឹងសមត្ថភាព និងចំណេះជំនាញរបស់បុគ្គលិក និងធានាការ
អនុវត្តប្រកបដោយភាពត្រឹមត្រូវ។
ការអនុវត្តគោលការណ៍ការពារអតិថិជនដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ។
រក្សាឱ្យបាននូវអនុលោមភាពតាមគោលការណ៍ផ្តល់កម្ចីរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
ទាក់ទងនឹងកម្ចីត្រួតគ្នា និងការផ្តល់ហិរញ្ញប្បទានឡើងវិញ។
លទ្ធផលប្រាក់បញ្ញើ
ការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះការបង្កើតថ្មី ការផ្តល់ដំណោះ ស្រាយហិរញ្ញវត្ថុដោយផ្តោតសំខាន់លើតម្រូវការរបស់អតិថិជន និងឧត្តមភាពនៃប្រតិបត្តិការរបស់យើង បានអនុញ្ញាតឱ្យ អិលអូអិលស៊ីពង្រីកសមតុល្យប្រាក់បញ្ញើរបស់ខ្លួនដល់ជាង ១ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២៤ ដែលមានកំណើន១១% បើធៀបទៅនឹងសមតុល្យនៅដំណាច់ឆ្នាំ២០២៣។ ចំនួនអតិថិជនប្រាក់បញ្ញើបានកើនឡើងដល់ជាង ៥៣ ម៉ឺននាក់។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើ និងចំនួនអតិថិជនប្រាក់បញ្ញើ បង្ហាញឱ្យឃើញថាអិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់អតិថិជន ការការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។
សេវាធនាគារឌីជីថល
ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងឆ្លើយតបទៅនឹងការីកចម្រើន យ៉ាងឆាប់រហ័សនៃតម្រូវការសេវាហិរញ្ញវត្ថុឌីជីថល អិលអូអិលស៊ី បន្ត វិនិយោគលើគម្រោងធនាគារឌីជីថលយ៉ាងសម្បូរបែប ហើយយើងបានបោះជំហានយ៉ាងសំខាន់នៅក្នុងយុគសម័យធនាគារឌីជីថល។ ការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល និងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់លើ សេវាធនាគារឌីជីថល បានសម្រួលដល់ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលធ្វើឱ្យអតិថិជនរបស់យើងទទួលបាន នូវសេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងប្រកបដោយបរិយាបន្ន។ បន្ថែមលើនេះ ការវិនិយោគលើការវិភាគ ទិន្នន័យ និងសន្តិសុខតាមបណ្តាញអ៊ីនធើណែតបានពង្រឹងភាពធន់នៃប្រតិបត្តិការរបស់យើង និងពង្រឹងទំនុកចិត្តរបស់ អតិថិជន។ ភាពជឿនលឿនផ្នែកឌីជីថលទាំងនេះ បានធ្វើឱ្យអិលអូអិលស៊ីត្រៀមខ្លួនរួចរាល់ក្នុងការបន្តនូវភាពរីកចម្រើនរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចឌីជីថល។
អាជីវកម្មប៊េងកាសួរេន
តាមរយៈការចាប់ដៃគូអាជីវកម្មប៊េងកាសួរេនជាមួយក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូអ៊ិនសួរេន ភីអិលស៊ី អិលអូអិលស៊ីប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដោយការពង្រីកវិសាលភាពនៃការផ្តល់សេវាធានារ៉ាប់រងដល់ អតិថិជន នៅគ្រប់បណ្តាញប្រតិបត្តិការ
របស់យើង។ ការចាប់ដៃគូអាជីវកម្មនេះបានពង្រឹងលើការការពារអតិថិជន ដោយផ្តល់ឱ្យអតិថិជននូវការធានារ៉ាប់រងអាយុជីវិត ដើម្បីសម្រាលបន្ទុករបស់ពួកគាត់នៅក្នុងគ្រួសារ ក្នុងករណីដែលអ្នកខ្ចី និង/ឬ អ្នករួមខ្ចីជួបឧបទ្ទវហេតុ និង/ឬបញ្ហាសុខភាព ដែលនាំទៅដល់ការបាត់បង់ជីវិត ឬពិការភាពអចិន្ត្រៃយ៍។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ អតិថិជនអិលអូអិលស៊ីប្រមាណ ៦០% បានទទួលនូវការធានារ៉ាប់រងអាយុជីវិត។
ការអនុលោមតាមបទប្បញ្ញត្តិ និងភាពធន់នៃប្រតិបត្តិការ
អិលអូអិលស៊ី បន្តធានាបាននូវអនុលោមភាពលើរាល់បទប្បញ្ញត្តិ និងអនុបាតដ៏រឹងមាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី បានបង្ហាញនូវភាពរឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃម៉ាក្រូសេដ្ឋកិច្ច ទន្ទឹមគ្នានឹងការធានាបាននូវអនុលោមភាពលើរាល់ច្បាប់ និងបទបញ្ញត្តិទាំងឡាយ។
ការគ្រប់គ្រងចីរភាព
ការគ្រប់គ្រងចីរភាពគឺជាចំណុចសំខាន់បំផុតនៃប្រតិបត្តិការរបស់យើង។ នៅក្នុងឆ្នាំ២០២៤ អិលអូអិលស៊ី បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ទៅក្នុងផែនការយុទ្ធសាស្ត្ររបស់យើង។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អតិថិជនឥណទានប្រមាណ ៧៩% រស់នៅ
តំបន់ជនបទ, ជាង ៧០% ជាអតិថិជនស្រ្តី, ៤៩% នៃអតិថិជនមាន
មុខរបរក្នុងវិស័យកសិកម្ម ដែលមិនមានហានិភ័យប៉ះពាល់ទៅលើបរិស្ថានគួរឱ្យកត់សម្គាល់ឡើយ, អតិថិជនប្រមាណ ២.៤០០នាក់ មាន
ថាមពលស្អាតសម្រាប់ប្រើប្រាស់, អតិថិជនប្រមាណ ១១.៣០០នាក់កំពុងប្រើប្រាស់ឥណទានកែលម្អគេហដ្ឋាននិងឥណទានទិញ/សាងសង់គេហដ្ឋាន, អតិថិជន ៥.៩០០នាក់កំពុងប្រើប្រាស់ឥណទានសម្រាប់ទឹកស្អាតនិងអនាម័យ ដើម្បីលើកកម្ពស់អនាម័យនិងការប្រើប្រាស់ទឹកស្អាត ហើយអតិថិជនប្រមាណ ៥៣ម៉ឺននាក់ ទទួលបានសេវាប្រាក់បញ្ញើសំចៃ។
អិលអូអិលស៊ី ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ។ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign ចាប់តាំងពីឆ្នាំ២០១៥ ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនកម្រិត “មាស” ពី Cerise និង SPTF។
នៅក្នុងឆ្នាំ២០២៤ អិលអូអិលស៊ី ត្រូវបានពិនិត្យឡើងវិញលើវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនដោយ Microfinanza ដែលជាលទ្ធផល អិលអូអិលស៊ី នៅតែអាចរក្សាបាននូវវិញ្ញាបនបត្រកម្រិត “មាស” ដែលនេះបញ្ជាក់ឱ្យឃើញពីការប្រកាន់ខ្ជាប់ខ្ជួននូវការ
អនុវត្តស្តង់ដារខ្ពស់នៃការការពារអតិថិជនរបស់ អិលអូអិលស៊ី។ បន្ថែម
លើនេះ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រវាយតម្លៃសកម្មភាពសង្គម កម្រិត sBB+ ដែលបង្ហាញឱ្យឃើញថា អិលអូអិលស៊ី អនុវត្តបានគ្រប់គ្រាន់លើការគ្រប់គ្រងសកម្មភាពសង្គម ប្រព័ន្ធការពារអតិថិជន និងអនុលោមតាមបេសកកម្មសង្គម ហើយស្របពេលជាមួយគ្នានេះ អិលអូអិលស៊ី ក៏ទទួលបានវិញ្ញាបនបត្រវាយតម្លៃការអនុវត្តរបស់គ្រឹះស្ថានទាំងមូល កម្រិត Medium ដែលនេះបង្ហាញឱ្យឃើញថា អិលអូអិលស៊ី មានទស្សនវិស័យរឹងមាំសម្រាប់និរន្តរភាពហិរញ្ញវត្ថុ និងមានមូលដ្ឋានរឹងមាំ និងមានស្ថេរភាព។ អិលអូអិលស៊ីក៏បានចូលរួមនៅក្នុងគម្រោង UNITED NATIONS GLOBAL COMPACT (UNGC) ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ចំពោះការគ្រប់គ្រងចីរភាព តាមរយៈការជំរុញគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ បន្ថែមលើនេះផងដែរ អិលអូអិលស៊ី ក៏បានអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនឱ្យស្របទៅនឹងគោលការណ៍ជាសាកលរបស់ UNGC ស្តីពីសិទ្ធិមនុស្ស ពលកម្មកុមារ បរិស្ថាន និងការប្រឆាំងអំពើពុករលួយ។
អិលអូអិលស៊ី គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) ក៏ដូចជាការផ្តល់ដំណោះស្រាយក្នុងការការពារបរិស្ថាន និងសង្គម តាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
អិលអូអិលស៊ី បានខិតខំប្រឹងប្រែងដោយបញ្ចូលទៅក្នុងដំណើរ ការនៃការវាយតម្លៃកម្ចីនូវចំណុចសំខាន់ៗដើម្បីដោះស្រាយ ការ ព្រួយបារម្ភទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ច ហើយ ដំណើរការនៃការវាយតម្លៃកម្ចីត្រូវបាន បញ្ចូលការវិភាគផល ប៉ះពាល់ទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ចនៅក្នុងការ សម្រេចចិត្តអនុម័តឥណទាន។
អិលអូអិលស៊ី មានបញ្ជីអាជីវកម្មដែលត្រូវបានហាមឃាត់មិន អនុញ្ញាតឱ្យផ្តល់ហិរញ្ញប្បទានដល់សកម្មភាពដែល មានផល ប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសហគមន៍។ អិលអូអិលស៊ី មានវិធានការដ៏រឹងមាំដើម្បី ការពារការផ្តល់ប្រាក់កម្ចី ដល់ សកម្មភាពដែលត្រូវបានហាមឃាត់។ គ្រប់កម្ចីទាំងអស់ ត្រូវបានវាយតម្លៃដោយបុគ្គលិកសហគមន៍ ត្រួតពិនិត្យនិងអនុម័តដោយ
ប្រធានគ្រប់គ្រង/នាយកសាខា/គណៈកម្មាធិការឥណទាន ដើម្បីធានាថាប្រាក់កម្ចីមិនត្រូវបានផ្តល់ឱ្យដល់សកម្មភាព អាជីវកម្មហាមឃាត់ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។
ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គមត្រូវបានអនុវត្ត ចំពោះគ្រប់ទំហំកម្ចីទាំងអស់។
អិលអូអិលស៊ីប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់បុគ្គលិក អតិថិជន សហគមន៍ យុវជន និងសាធារណជន៖
នៅក្នុងឆ្នាំ២០២៤ អិលអូអិលស៊ី បានផ្តល់ការបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អ្នកចូលរួមសរុបចំនួន ១០.៦៩២ នាក់ ដែលក្នុងនោះ ៧៦% (៨.១១៥នាក់) ជាស្ត្រី។
អិលអូអិលស៊ី បានបង្កើតសារអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានចែករំលែកនៅលើគេហទំព័រ និង Facebook Page របស់ អិលអូអិលស៊ី ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាសាធារណជនតាមរយៈបណ្តាញឌីជីថល។
បន្ថែមលើនេះផងដែរ អិលអូអិលស៊ី ក៏បានបែងចែកថវិកាមួយចំនួន ដើម្បីចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗទៀត តាមរយៈព្រឹត្តិការណ៍សហគមន៍ ដូចជា៖
ដាក់បង់ថ្មអង្គុយលេងនៅទីសាធារណៈ ដាំដើមឈើសកម្មភាព នៅតាមសាលារៀន លាបថ្នាំរបងសាលារៀន បរិច្ចាគសៀវភៅ សិក្សាដល់បណ្ណាល័យ និងបរិច្ចាគធុងសម្រាម ក៏ដូចជា អំពូលភ្លើងសូឡាដល់សហគមន៍ សាលារៀន វត្តអារាម និង ទីសាធារណៈ។
អិលអូអិលស៊ី តែងតែគាំទ្រអ្នកផ្គត់ផ្គង់របស់ខ្លួន និងអ្នកពាក់ព័ន្ធ ដែលចូលរួមក្នុងសកម្មភាពសង្គម និងលើកកម្ពស់ការការពារបរិស្ថាន។ ក្នុងន័យនេះ អិលអូអិលស៊ីមានសេចក្តីសោមនស្ស រីករាយជាខ្លាំងដែលទទួលបានការទទួលស្គាល់ជាលិខិតថ្លែង អំណរគុណ ពីក្រុមហ៊ុនអ្នកផ្គត់ផ្គង់ MG Pacific ដែលទទួល ស្គាល់ការគាំទ្ររបស់ អិលអូអិលស៊ី លើគម្រោង “ការការពារ បរិស្ថានចាប់ផ្តើមពីយើងទាំងអស់គ្នា”។ គម្រោងនេះមាន គោលដៅចម្បងដើម្បីកាត់បន្ថយការកើនឡើងនៃកាកសំណល់ ដែលរួមចំណែកដល់ការអភិរក្សបរិស្ថានកាន់តែប្រសើរឡើង។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុង ការចូលរួមលើកកម្ពស់ ដល់ការការពារបរិស្ថានតាមរយៈការកាត់ បន្ថយសំណល់ប្លាស្ទិកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង ថែរក្សាបរិស្ថានឱ្យបានល្អ។
អិលអូអិលស៊ី ចូលរួមយ៉ាងសកម្មដល់ការលើកកម្ពស់វិស័យអប់រំ និងគាំទ្រការអភិវឌ្ឍសហគមន៍ តាមរយៈការ ផ្តល់ជាសម្ភារ
សិក្សា ដូចជាសៀវភៅ និងកាតាប ដែលបានចែកជូនដល់ សិស្សានុសិស្សជាង ៣.៥០០នាក់ នៅសាលាបឋមសិក្សា ចំនួន ២១សាលា នៅក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាលើកទឹកចិត្តដល់ សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ នៅក្នុងឆ្នាំ២០២៥ អិលអូអិលស៊ីនឹងបន្តសកម្មភាពរបស់ខ្លួន ដូចភ្លៀងរលឹមដើម្បីនាំយកសម្ភារសិក្សាទៅដល់សិស្សានុសិស្ស បន្ថែមទៀត ជាពិសេសនៅតំបន់ក្រីក្រ និងដាច់ស្រយាល។
អិលអូអិលស៊ី បានផ្តល់រង្វាន់ជា កុំព្យូទ័រឡេបថបដល់ សិស្សានុសិស្សចំនួន ៤៨នាក់ ដែលទទួលបាននិទ្ទេស A ក្នុង ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០២៤។ សិស្សានុសិស្សទាំងអស់ នេះជាកូនៗអតិថិជនរបស់អិលអូអិលស៊ី ដែលបានប្រើប្រាស់
ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី។ កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរដល់ការខិតខំប្រឹងប្រែងរបស់ សិស្សានុសិស្សនិងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការសិក្សា។ នេះក៏ជាសកម្មភាពបង្ហាញពីការថ្លែងអំណរគុណយ៉ាងស្មោះ ស័្មគ្រចំពោះអតិថិជនរបស់យើងសម្រាប់ការគាំទ្រ និងមាន ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី។
អិលអូអិលស៊ី ក៏បានបរិច្ចាគជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងកន្ទេល ដល់មជ្ឈមណ្ឌលកុមារកំព្រានៅខេត្តបាត់ដំបង ដើម្បីផ្គត់ផ្គង់តម្រូវរបស់កុមារនៅទីនោះ។
ចូលរួមក្នុងកិច្ចការសង្គមតាមរយៈការផ្តល់នូវខិតប័ណ្ណផ្សព្វផ្សាយអំពីយុទ្ធនាការប្រឆាំងគ្រឿងញៀន និងសម្ភារ ផ្សព្វផ្សាយផ្សេងៗទៀតដល់ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹង គ្រឿងញៀនដល់សាធារណជន។
ចុះកិច្ចព្រមព្រៀងជាមួយ Ecobatt-Energry Cambodia ដើម្បីសហការក្នុងការប្រមូលសំណល់អគ្គិសនី និងឧបករណ៍ អេឡិចត្រូនិចដែលជះផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពមនុស្ស។
យុទ្ធសាស្ត្រជាអាទិភាពរបស់យើងសម្រាប់ឆ្នាំ២០២៥ ផ្តោតទៅលើការរក្សាកំណើនប្រកបដោយចីរភាព ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាថ្មីៗ និងការពង្រឹងផលជះវិជ្ជមានរបស់យើង៖
ជំរុញបរិយាបន្នហិរញ្ញវត្ថុ៖ អិលអូអិលស៊ី នឹងពង្រីកការផ្តល់ផលិតផល និងសេវាកម្មរបស់ខ្លួនបន្ថែមទៀតទៅដល់សហគមន៍ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ តាមរយៈផលិតផលហិរញ្ញវត្ថុឌីជីថល ដើម្បីធានាថាអ្នកគ្រប់គ្នាមានលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុចាំបាច់។
ធ្វើឱ្យប្រសើរឡើងនូវសេវាឌីជីថល៖ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិមិត្ត និងការវិភាគទិន្នន័យ
អិលអូអិលស៊ី នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវបទពិសោធន៍របស់អតិថិជន និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើង។
ភាពជាអ្នកដឹកនាំលើការគ្រប់គ្រងចីរភាព៖ ដោយបន្តផ្តោតការយក ចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានបៃតង និងគំនិតផ្តួចផ្តើមលើការការពារបរិស្ថាន សង្គម និងអភិបាលកិច្ច អិលអូអិលស៊ីនឹងផ្តល់អាទិភាពលើគម្រោងដែលលើកកម្ពស់ ដល់ការថែរក្សាការពារបរិស្ថាន និងសកម្មភាពសេដ្ឋកិច្ចដែលមាននិរន្តរភាព។
ការពង្រឹងសមត្ថភាពបុគ្គលិក៖ ការវិនិយោគលើធនធានមនុស្ស នៅតែជាអាទិភាពចម្បង។ អិលអូអិលស៊ី នឹងបន្តផ្តល់កម្មវិធី បណ្តុះបណ្តាលនិងគំនិតផ្តួចផ្តើមដើម្បីបណ្តុះបណ្តាលបុគ្គលិកឱ្យមានជំនាញវិជ្ជាជីវៈខ្ពស់ មានការលើកទឹកចិត្ត និងមានជំនាញចម្រុះ។
បង្កើនការយកចិត្តទុកដាក់លើតម្រូវការអតិថិជន៖ តាមរយៈការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងការផ្តល់ដំណោះស្រាយទៅតាមតម្រូវការរបស់អតិថិជន អិលអូអិលស៊ីនឹងពង្រឹងបន្ថែមទៀតលើទំនាក់ទំនងជិតស្និទ្ធិជាមួយអតិថិជនរបស់យើង ដើម្បីផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធភាពទៅតាមតម្រូវការដែលកើនឡើងជាបន្តបន្ទាប់របស់អតិថិជន។
ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់សម្រាប់ ការដឹកនាំ ការគាំទ្រ និងការផ្តល់ដំបូន្មានល្អៗក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
ខ្ញុំបាទក៏សូមបង្ហាញនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុគ្គលិក
អិលអូអិលស៊ី ទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយសុចរិតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះអតិថិជន វិនិយោគិន និងដៃគូពាក់ព័ន្ធដែលតែងតែគាំទ្រ អិលអូអិលស៊ី ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ បន្ថែមលើនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រនៅក្នុងឆ្នាំ២០២៤ និងជោគជ័យដែលរំពឹងទុកនៅឆ្នាំបន្តបន្ទាប់ទៀត។