អភិបាលកិច្ចសាជីវកម្ម

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលស្គាល់សារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្មក្នុងការគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន បង្កើនប្រសិទ្ធភាព បង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ដែលខ្លួនបម្រើ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ និងការធានានូវទំនុកចិត្តសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងម្ចាស់ភាគហ៊ុន អតិថិជន បុគ្គលិក និងសាធារណៈជនទូទៅ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តដល់ការអនុម័ត និងការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អ រួមជាមួយនឹងក្រមសីលធម៌ និងក្រមប្រតិបត្តិអាជីវកម្ម។

មហាសន្និបាម្ចាស់ភាគហ៊ុន

មហាសន្និបាតម្ចាស់ភាគហ៊ុននឹងត្រូវបានប្រារព្ធឡើងយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវឱ្យលើសពី១៥ខែបន្ទាប់ពីមហាសន្និបាតមុនឡើយ។ ការជូនដំណឹងជាលាយលក្ខណ៍អក្សរពីមហាសន្និបាតត្រូវផ្ញើជូនម្ចាស់ភាគហ៊ុនយ៉ាងហោចណាស់ ៣០ថ្ងៃមុនបើកមហាសន្និបាតដោយបញ្ជាក់ពីកាលបរិច្ឆេទ ពេលវេលា ទីកន្លែងក្នុងកម្ពុជា និងរបៀបវារៈ។ កូរ៉ុមនៃមហាសន្និបាតរបស់ម្ចាស់ភាគហ៊ុនគឺជាចំនួនម្ចាស់ភាគហ៊ុនដែលមានវត្តមានដោយផ្ទាល់ ឬដោយអ្នកតំណាងដែលតំណាងឱ្យពីរភាគបីនៃភាគហ៊ុនសរុបក្នុងក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល

ការជ្រើសរើសក្រុមប្រឹក្សាភិបាល

រូបវន្តបុគ្គលណាមួយមានសមត្ថភាព និងមានអាយុ ១៨ឆ្នាំយ៉ាងតិច អាចបម្រើការងារក្នុងតំណែងអភិបាលបាន។ អភិបាលមិនចាំបាច់ជាម្ចាស់ភាគហ៊ុនឡើយ។ អភិបាលត្រូវជ្រើសតាំងតាមសេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ដែលអនុម័តយល់ព្រមដោយសម្លេងភាគច្រើននៃសម្លេងឆ្នោតរបស់ម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាត។ អភិបាលអាចទទួលបានលាភការសម្រាប់ការងារដែលខ្លួនធ្វើ ដែលកំណត់ក្នុងមហាសន្និបាតរបស់ម្ចាស់ភាគហ៊ុន។ រាល់សមាជិកនៃក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវទទួលបានការយល់ព្រមជាមុនពីធនាគារជាតិនៃកម្ពុជា មុននឹងត្រូវបានតែងតាំងជា អភិបាល។

សមាសភាពក្រុមប្រឹក្សាភិបាល

ល.រ ឈ្មោះ មុខតំណែង
លោក ប្រ៊ីនលី គ្រីសានថា ហ្គាចាណាយ៉ាគិ ដេ ហ្ស៊ីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល
លោក ហ្វ្សានស៊ីស្គូ កានកាណាម៉ាឡានជិ ខនរ៉ាតប្រាសាដ នីរ៉ូស ដាយអឺស អភិបាល
លោក ឌូលីបាស៊ីកា សាម៉ារ៉ាវីរ៉ា អភិបាល
លោក Chitral Nalin Wijesinha អភិបាលឯករាជ្យ
លោក អ៉ីនដ្រាជីត វីជេស៊ីរឺរ៉ាដាណា អភិបាលឯករាជ្យ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានធ្វើឡើងរៀងរាល់ត្រីមាស។ នៅក្នុងកិច្ចប្រជុំនីមួយៗ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលក៏ត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងការផ្លាស់ប្តូរលក្ខន្តិកៈ ឬបទប្បញ្ញត្តិ និងរបៀបដែលការផ្លាស់ប្តូរទាំងនោះប៉ះពាល់មកលើក្រុមហ៊ុន។ របាយការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាយការណ៍អំពីលទ្ធផលការងារ និងការប្រតិបត្តិតាម ត្រូវបានត្រួតពិនិត្យ និងពិភាក្សាជាទៀងទាត់ជាមួយនឹងរបាយការណ៍ផ្សេងៗទៀតដែលរួមបញ្ចូលទាំងបញ្ហាដែលមិនមែនជាប្រតិបត្តិការប្រចាំថ្ងៃផងដែរ។