ប្រធានក្រុមប្រឹក្សាភិបាល
លោក de Zylva ជាប្រធានក្រុមប្រឹក្សាភិបាល របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង អិលអូអិលស៊ី ហ្វាយនែន ភីអិលស៊ី នៅប្រទេសស្រីលង្កា។ លោកក៏ជាអគ្គនាយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលធីឌី មីយ៉ាន់ម៉ា ផងដែរ។ មុនពេលទទួលតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា) លោកមានបទពិសោធន៍ជាច្រើននៅក្រៅប្រទេសក្នុងមុខតំណែងជាក្រុមប្រឹក្សាភិបាល និងអគ្គនាយកគ្រប់គ្រងទូទៅរយ:ពេល ៣៧ឆ្នាំ ដែលបានបម្រើការក្នុងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទាំងនៅក្រុមហ៊ុនហិរញ្ញវត្ថុមានអាជ្ញាបណ្ណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកទេសភតិសន្យា។ លោកមានបទពិសោធន៍ទូលំទូលាយ និងមានឯកទេសជុំវិញវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដូចជា ការគ្រប់គ្រងឥណទាន និងដោះស្រាយបំណុល ហិរញ្ញវត្ថុ ទីផ្សារ និងការលក់។ លោក de Zylva ជាសមាជិកម្នាក់នៃវិទ្យាស្ថានគ្រប់គ្រងឥណទានស្រីលង្កា ហើយក្រោយមកលោកត្រូវបានជ្រើសតាំងជាលេខាធិកាកិត្តិយស ក្នុងការបោះឆ្នោតនៅវិទ្យាស្ថាននៅឆ្នាំ២០១០។ ជាមួយគ្នានេះផងដែរ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រងសមាគមហិរញ្ញប្បទានលំនៅស្ថាននៅប្រទេសស្រីលង្កាអស់រយៈពេល ៩ឆ្នាំ ដែលក្នុងនោះរយៈពេល៤ឆ្នាំ លោកបានកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលរបស់ក្រុមហ៊ុន Financial Ombudsman Sri Lanka (Guarantee) Limited នៅក្នុងប្រទេសស្រីលង្កា។ នៅឆ្នាំ២០១៥ លោក de Zylva ត្រូវបានតែងតាំងតំណែងទាំងអស់នេះ ដើម្បីមើលការខុសត្រូវការងារប្រចាំតំបន់សម្រាប់ក្រុមហ៊ុនរបស់ អិលអូអិលស៊ី គ្រុបនៅប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។
អភិបាល
មុនពេលទទួលបានមុខតំណែងបច្ចុប្បន្ន លោក Conrad ធ្លាប់ជាអតីតនាយកបច្ចេកវិទ្យាព័ត៌មាន និងអភិបាលនៃក្រុមហ៊ុន អិលអូអិលស៊ី ហូលឌីង ភីអិលស៊ី ជាអភិបាល/អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អិលអូអិលស៊ី ហ្វាយនែន ភីអិលស៊ី និងជាស្ថាបនិកនៃកម្មវិធីទូរសព្ទចល័តអាយផេ។ លោក Conrad បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Leicester។ លោកជាសមាជិកនៃ Chartered Institute of Management Accountants ដែលជា Chartered Global Management Account ជាសមាជិកនៃ British Computer Society និងជាសមាជិកនៃ Certified Management Accountant ក្នុងប្រទេសស្រីលង្កា។ លោក Dias បានចូលរួមចំណែកជាមួយ អិលអូអិលស៊ី គ្រុប និងវិស័យព័ត៌មានវិទ្យាក្នុងស្រុក ជាមួយនឹងបទពិសោធន៍ ៣០ ឆ្នាំ របស់គាត់ ហើយលោកមានជំនាញទៅលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងផលិតកម្ម។ ដោយមានការទទួលស្គាល់នូវស្នាដៃរបស់លោកក្នុងការរួមចំណែកជាមួយក្រុមហ៊ុន លោកទទួលបានពានរង្វាន់ CSSL CIO Award នៅក្នុងឆ្នាំ២០១៦ និងពានរង្វាន់ Professional Excellence Award នៅក្នុងឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ Certified Management Accountants នៃប្រទេសស្រីលង្កា។ នៅក្នុងឆ្នាំ២០២០ ជាឆ្នាំដែលលោកមានកិត្តិយសបំផុត ដោយលោកត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី Global CIO Hall of Fame 2020 និងជាអ្នកឈ្នះពានរង្វាន់ Global CIO100 ពីអាយឌីជីសហរដ្ឋអាមេរិក (IDG USA)។
អភិបាល
លោក Dulip ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានសញ្ញាបត្រវិទ្យាសាស្ត្ររូបវិទ្យា ជំនាញឯកទេសផ្នែកស្ថិតិ ពីសកលវិទ្យាល័យ Sri Jayawardenepura។ លោកក៏បានប្រលងបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Chartered Institute of Accountant នៅចក្រភពអង់គ្លេស។ ក្នុងឆ្នាំ២០១៤ លោក Dulip បានចាប់ផ្តើមអាជីពរបស់ខ្លួនលើការស្រាវជ្រាវការវិនិយោគ និងបានចូលបម្រើការជាមួយ អិលអូអិលស៊ី គ្រុប នៅ៣ឆ្នាំក្រោយ។ ក្រោយមក លោកបានបម្រើការជាអភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មីយ៉ាន់ម៉ា។ លោកមានជំនាញ និងបទពិសោធន៍ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការកែលម្អដំណើរការផ្សេងៗ ការធ្វើផែនការយុទ្ធសាស្រ្ត ការវិនិយោគ និងការទិញយកភាគហ៊ុនក្រុមហ៊ុន។
អភិបាលឯករាជ្យ
លោក Chitral ជាអភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានបទពិសោធន៍ជាង ២៧ឆ្នាំ នៅក្នុងវិស័យសេវាកម្ម ហិរញ្ញវត្ថុ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អតិថិជន ទាំងការវិនិយោគចំនួនតិច និងចំនួនច្រើន។ លោកមានចំណេះដឹង និងជំនាញយ៉ាងទូលំទូលាយ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលមានជំនាញឯកទេសផ្នែកវិនិយោគ និងការរៀបចំផែនការចូលនិវត្តន៍ ប្រាក់សោធននិវត្តជាក្រុម និងប្រាក់ សោធននិវត្តដោយស្ម័គ្រចិត្ត (KiwiSaver - Superannuation)។ ចំណេះដឹងរបស់លោកលើវិស័យសហគ្រាសបច្ចុប្បន្ន បទប្បញ្ញត្តិច្បាប់ និង តម្រូវការទីផ្សារ គួបផ្សំនឹងការយល់ដឹងច្រើនអំពីទីផ្សារបច្ចុប្បន្ន អាចឱ្យលោកអនុវត្តការងាររបស់លោកបានស្តង់ដារខ្ពស់។ បច្ចុប្បន្នលោកកំពុង បម្រើការជាអភិបាល/ម្ចាស់ភាគហ៊ុន និងជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសំខាន់នៅក្រុមហ៊ុន Trilogy Financial Solutions NZ Limited (TFS)។ បន្ថែមលើនេះ លោកក៏ជាសមាជិកនៃ Wealthpoint Financial Adviser Provider (FAP) ដែលជាបណ្តាញអ្នកផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ ហើយ លោកក៏មានអាជ្ញាប័ណ្ណក្នុងការផ្តល់ប្រឹក្សានៅក្នុងប្រទេសនូវែលសេឡង់។ លោកក៏ជាសមាជិកយ៉ាងសកម្មនៃគណៈកម្មាធិការវិនិយោគ របស់ Wealthpoint ផងដែរ។ មុនពេលបម្រើការជាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ លោក Chitral ធ្លាប់បម្រើការនៅធនាគារ Citibank ជាភ្នាក់ងារជួញដូរ រូបិយប័ណ្ណ ទីផ្សារវិនិយោគសាច់ប្រាក់ និងប័ណ្ណបំណុល នៅក្នុងការចូលទីផ្សារមូលដ្ឋាន និងទីផ្សារជួញដូរ។ លោកធ្លាប់បម្រើការក្នុងមុខតំណែង ជាហេរញ្ញិកប្រចាំប្រទេស នៅធនាគារ Citibank ក្នុងប្រទេសស្រីលង្កា និងជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) ដែលទទួលខុសត្រូវលើការគ្រប់គ្រងសន្ទនីយភាព មូលធន និងតារាងតុល្យការរបស់ធនាគារ (ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០០៣)។
អភិបាលឯករាជ្យ
លោក Indrajith បច្ចុប្បន្នជាអភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ ជាមួយបទពិសោធន៍ជាង២០ឆ្នាំ មកពីជិត៣០ប្រទេស លោក Indrajith ក៏ជាទីប្រឹក្សាផ្តល់យោបល់មានជំនាញខ្ពស់លើផ្នែកអភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិផងដែរ។ បទពិសោធន៍របស់គាត់គ្របដណ្តប់លើជំនាញនៃផ្នែកសំខាន់ៗ រួមទាំងការកសាងសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសម្រាប់សហគ្រាសមីក្រូ ខា្នតតូច និងមធ្យម (MSME)។ មិនត្រឹមតែប៉ុណ្ណោះ លោក Indrajith មានជំនាញច្បាស់លាស់លើការរៀបចំអាជីវកម្មនិងយុទ្ធសាស្ត្រ ការអភិវឌ្ឍប្រព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសមត្ថភាពការងារក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយផ្តោតទៅលើហគ្រាសមីក្រូ ខា្នតតូច និងមធ្យម បរិវត្តកម្មស្ថាប័ន និងការរចនាផលិតផល និងការកែលម្អដំណើរការ។ អំឡុងពេលលោកបម្រើការនៅក្នុងវិស័យធនាគារ លោកធ្លាប់បានរៀបចំ និងវាយតម្លៃសំណើគម្រោង និងត្រួតពិនិត្យគម្រោងនានា មុនពេលលោកបម្រើការជាទីប្រឹក្សាផ្តល់យោបល់។ ក្នុងអំឡុងពេលនោះ លោកមានការទទួលខុសត្រូវចំពោះហិរញ្ញប្បទានឥណទានសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទានមូលធន ការរៀបចំឥណទានឡើងវិញ ការប្រមូលផ្តុំប្រាក់កម្ចីពីម្ចាស់កម្ចីផ្សេងៗ និងការធ្វើភតិសន្យាហិរញ្ញវត្ថុ។ លោកក៏ទទួលបន្ទុកការងារទៅលើការគ្រប់គ្រង និងបង្កើតសេវាគាំទ្រហិរញ្ញវត្ថុរួមមាន គ្រប់គ្រងថវិកា ការត្រួតពិនិត្យ ការរៀបចំគម្រោង ការត្រួតពិនិត្យគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ។ គាត់ក៏បានទទួលបន្ទុកគ្រប់គ្រង និងអភិវឌ្ឍសេវាកម្មជំនួយហិរញ្ញវត្ថុ រួមទាំងថវិកា និង ការធ្វើផែនការ គណនេយ្យ និង MIS ។ លោក Wijesiriwardana បានចូលបម្រើការជាមួយ LOLC (Cambodia) Plc. ក្នុងខែមករា ឆ្នាំ២០១៥។