អិលអូអិលស៊ី ខេមបូឌា គាំទ្រអតិថិជនម្នាក់នៅខេត្តព្រៃវែង ក្នុងការពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព

រយៈពេល ៤ឆ្នាំកន្លងមកនេះ បងស្រី ភឹម ចន្ធី និងស្វាមី បានខិតខំប្រឹងប្រែងប្រកបមុខរបរចម្រុះ ដូចជាមុខរបរលក់ភេសជ្ជៈ លក់សាច់អាំង ព្រមទាំងជាអ្នក ភ្ជួរដី ដឹកស្រូវ និងដឹកដីផងដែរ ដើម្បីបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលបច្ចុប្បន្នពួកគាត់មានទីលំនៅស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយមើលឃើញពីឱកាសនៃការរីកចម្រើន និងតម្រូវការទីផ្សារដែលកំពុងកើនឡើង បងស្រី ចន្ធី បានស្វែងរកដើមទុនបន្ថែម ដើម្បីពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន។

ក្នុងឆ្នាំ២០២៤ បងស្រី ចន្ទី បានជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុ និងទទួលបានប្រាក់កម្ចីចំនួន ៦.០០០ ដុល្លារ ដើម្បីទិញត្រាក់ទ័រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ផ្តល់សេវាកម្មភ្ជួរដីជូនអតិថិជនដែលជាកសិករក្នុងតំបន់ ក៏ដូចជាគាំទ្រមុខរបរដឹកស្រូវផងដែរ ដែលនេះបានជួយបង្កើនប្រភពចំណូល និងពង្រឹងស្ថិរភាពអាជីវកម្មរបស់គាត់។

ដោយមើលឃើញពីលទ្ធផលវិជ្ជមាន បងស្រី ចន្ទី បានបន្តទទួលប្រាក់កម្ចីវគ្គបន្ទាប់ចំនួន ៦.០០០ ដុល្លារ បន្ថែមទៀត ដើម្បីទិញដី និងពង្រីកមុខរបរលក់ភេសជ្ជៈ និងសាច់អាំង។ ការវិនិយោគនេះបានជួយឱ្យបងស្រី ចន្ទី មានទីតាំងអាជីវកម្មសមរម្យជាងមុន ហើយថែមទាំងបានបន្ថែមប្រភេទទំនិញថ្មីៗ និងអាចបម្រើតម្រូវការរបស់អតិថិជនបានកាន់តែច្រើន ដែលជាហេតុនាំឱ្យអតិថិជន និងប្រាក់ចំណូលរបស់បងស្រីមានការកើនឡើងជាបន្តបន្ទាប់។ សព្វថ្ងៃនេះ មុខរបររបស់បងស្រី ចន្ធី និងស្វាមី មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយប្រាក់ចំណូលពីអាជីវកម្មផ្សេងៗបានជួយលើកកម្ពស់ជីវភាពគ្រួសារ ផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងបង្កើនទុនសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគាត់នាពេលអនាគត។


Publish date: July 24 , 2026