អិលអូអិលស៊ី (ខេមបូឌា) ពង្រីកវិសាលភាពសេវាទូទាត់ប្រាក់មិនប្រើក្រដាសប្រាក់ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ភ្ញៀវទេសចរឥណ្ឌា អាចទូទាត់មកកាន់អាជីវករ អិលអូអិលស៊ី ជាង 20,000 កន្លែងទូទាំងប្រទេស

រាជធានីភ្នំពេញ ថ្ងៃទី24 ខែកក្កដា ឆ្នាំ2026៖ – ភ្ញៀវទេសចរឥណ្ឌាដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ឥឡូវនេះអាចរីករាយជាមួយបទពិសោធន៍នៃការទូទាត់ប្រាក់ដែលកាន់តែមានភាពងាយស្រួល មានសុវត្ថិភាពខ្ពស់ និងមិនប្រើប្រាស់ក្រដាសប្រាក់ តាមរយៈ Unified Payments Interface (UPI) ដើម្បីធ្វើការទូទាត់នៅតាមរយៈអាជីវករ អិលអូអិលស៊ី ជាង 20,000 ទីតាំង ដែលមាន LOLC KHQR នៅទីតាំងលក់ទូទាំងប្រទេស។ UPI គឺជាប្រព័ន្ធទូទាត់ឌីជីថលដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទូទាត់ប្រាក់បានភ្លាមៗ តាមរយៈសេវាធនាគារចល័តដែលជាសមាជិក។

មិនថាក្នុងគោលបំណងធុរកិច្ច លំហែកាយ ឬការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារនោះទេ ភ្ញៀវទេសចរឥណ្ឌាអាចធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលយ៉ាងរលូន និងមានភាពងាយស្រួលបំផុត នៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ភ្នាក់ងារផ្ដល់សេវាកម្មដឹកជញ្ជូន និងអាជីវករជាច្រើនទៀត នៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងបណ្តាខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ដំណើរការនៃការទូទាត់នេះមានភាពងាយស្រួលបំផុត៖ ភ្ញៀវទេសចរគ្រាន់តែធ្វើការស្គែនមកកាន់ LOLC KHQR របស់អាជីវករ តាមរយៈ UPI រួចធ្វើការបញ្ជាក់ការទូទាត់ ជាការស្រេច។ យន្តការនេះជួយកាត់បន្ថយការនាំយកក្រដាសប្រាក់សុទ្ធតាមខ្លួនក្នុងចំនួនច្រើន ឬការប្តូររូបិយប័ណ្ណញឹកញាប់ ដែលធ្វើឱ្យការចំណាយប្រចាំថ្ងៃក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

យោងតាមស្ថិតិទេសចរណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ បានឱ្យដឹងថា មានភ្ញៀវទេសចរឥណ្ឌាជាង ៧៧.០០០ នាក់ បានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៥ ដែលនេះឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងរបស់កម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ និងធុរកិច្ចដ៏សំខាន់។ តាមរយៈការអនុញ្ញាតឱ្យភ្ញៀវទេសចរ ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅតាមបណ្តាអាជីវករដែលមាន LOLC KHQR នេះនឹងជួយឱ្យបទពិសោធន៍នៃការធ្វើដំណើរកាន់តែមានភាពរលូន និងជួយដល់អាជីវកម្មក្នុងស្រុកឱ្យកាន់តែមានភាពប្រសើរឡើង ក្នុងការបម្រើសេវាកម្មជូនដល់ភ្ញៀវទេសចរដែលជាវិស័យដ៏សំខាន់ និងកំពុងមានការកើនឡើងមួយនេះ។

ការចូលរួមចំណែកជំរុញសេដ្ឋកិច្ចមិនប្រើក្រដាស់ប្រាក់នៅកម្ពុជា

ការពង្រីកវិសាលភាពនៃការទទួលយកការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅតាមបណ្តាអាជីវករ LOLC KHQR គឺជាការចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើបរិវត្តកម្មឌីជីថលដែលកំពុងបន្តនៅកម្ពុជា ក៏ដូចជាការរួមចំណែកដល់ចក្ខុវិស័យរបស់ជាតិ ក្នុងការកសាងសេដ្ឋកិច្ចមួយប្រកបដោយបរិយាបន្ន មានភាពងាយស្រួល និងកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់។ ចំពោះអាជីវករក្នុងស្រុកវិញ សេវាកម្មនេះនឹងផ្តល់នូវឱកាសបន្ថែមក្នុងការបម្រើសេវាកម្មជូនដល់អតិថិជនអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព កាត់បន្ថយការពឹងផ្អែកលើការកាន់កាប់ក្រដាសប្រាក់សុទ្ធ និងជួយឱ្យប្រតិបត្តិការអាជីវកម្ម កាន់តែមានភាពរលូន និងឆាប់រហ័ស។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ថា «គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងអាជីវករ និងភ្ញៀវទេសចរ»។

លោក សុខ វឿន បានបញ្ជាក់បន្ថែមថា៖ «នៅ អិលអូអិលស៊ី យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដែលមានភាពងាយស្រួល វៃឆ្លាត និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។ តាមរយៈការអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌា អាចធ្វើការទូទាត់ប្រាក់បានយ៉ាងរលូននៅតាមបណ្តាអាជីវករដែលមាន LOLC KHQR នៅទូទាំងប្រទេសកម្ពុជា យើងកំពុងចូលរួមចំណែកបង្កើតនូវបទពិសោធន៍នៃការធ្វើដំណើរមកកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល ព្រមទាំងជួយគាំទ្រដល់អាជីវករក្នុងស្រុក ក្នុងការស្វាគមន៍អតិថិជនអន្តរជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត»។

ភ្ញៀវទេសចរឥណ្ឌា លោក Blesso Samraj បានសម្តែងការសាទរចំពោះភាពងាយស្រួលនៃការទូទាត់ប្រាក់ដែលត្រូវបានពង្រឹងឱ្យកាន់តែប្រសើរឡើង ក្នុងអំឡុងពេលនៃការមកកម្សាន្តនៅប្រទេសកម្ពុជា។

លោក Blesso Samraj បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាពេញចិត្តចំពោះការចំណាយពេលនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំទន្ទឹងរង់ចាំការវិលត្រឡប់មកវិញម្តងទៀត។ ការអាចទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលក្នុងពេលធ្វើដំណើរ បានធ្វើឱ្យបទពិសោធន៍នៃការកម្សាន្តកាន់តែមានភាពងាយស្រួល។ វាក៏បានជួយឱ្យខ្ញុំអាចតាមដានរាល់ការចំណាយបានយ៉ាងច្បាស់លាស់ ដោយមិនចាំបាច់ពឹងផ្អែកលើក្រដាសប្រាក់សុទ្ធ ដែលធ្វើឱ្យរាល់ដំណើរកម្សាន្តកាន់តែមានភាពរលូន និងរីករាយ»។

ការលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវទេសចរ

ខណៈដែលវិស័យទេសចរណ៍ និងវិស័យធុរកិច្ចរវាងកម្ពុជា និងឥណ្ឌាបន្តមានការកើនឡើង ជម្រើសនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលដ៏មានភាពងាយស្រួលនៅតាមបណ្តាអាជីវករដែលមាន LOLC KHQR នឹងជួយឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរឥណ្ឌាកាន់តែមានភាពរលូន ស្របពេលដែលកំពុងចូលរួមគាំទ្រដល់កម្ពុជា ក្នុងការក្លាយជាគោលដៅឈានមុខគេក្នុងតំបន់សម្រាប់ការទូទាត់មិនប្រើក្រដាសប្រាក់។

អំពី អិលអូអិលស៊ី (ខេមបូឌា)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។


Publish date: July 24 , 2026