អិលអូអិលស៊ី រួមចំណែកលើកកម្ពស់កំណើនវិស័យកសិកម្ម ក្នុងភាពជាដៃគូគាំទ្រភាពជោគជ័យរបស់កសិករ

ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ អ្នកមីង ធឹក ផើយ តែងតែនៅក្នុងចម្ការរបស់គាត់ និងមើលថែដំណាំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាបន្លែអាចទទួលបានទិន្នផលគ្រប់គ្រាន់ ហើយមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

អ្នកមីង ធឹក ផើយ មានមុខរបរជាអ្នកដាំបន្លែចម្រុះ ដែលមានទីតាំងស្ថិតនៅភូមិពពិស ឃុំក្របីរៀល ស្រុកសៀមរាប ខេត្តសៀមរាប។ ដោយសារតែមានចំណង់ចំណូលចិត្តក្នុងការដាំដុះ ទោះបីជាការប្រកបមុខរបរនេះ ប្រឈមនឹងបញ្ហា ព្រមទាំងមានការហត់នឿយក្តី ក៏អ្នកមីង ផើយ នៅតែបន្តដាំដុះ និងអភិវឌ្ឍមុខរបររបស់ខ្លួនឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC)។

ដំបូងឡើយ ដោយសារតម្រូវការបន្លែកាន់តែកើនឡើង អ្នកមីងបានជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុដើម្បីពង្រីកមុខរបររបស់ខ្លួននៅក្នុងឆ្នាំ២០១៥ ចំនួន ពីរលានរៀល សម្រាប់ទិញពូជបន្លែ និងសម្ភារកសិកម្មបន្ថែម ដែលជួយឱ្យការដាំដុះរបស់គាត់កាន់តែប្រសើរ។ បន្ទាប់ពីទទួលបានលទ្ធផលល្អដូចដែលបានគ្រោងទុក នៅឆ្នាំ២០១៧ អ្នកមីងបានបន្តស្នើប្រាក់កម្ចីវគ្គទី២ ចំនួន បីលានរៀល ដើម្បីពង្រីកផ្ទៃដីដាំដុះ និងបន្ថែមប្រភេទបន្លែឱ្យកាន់តែសម្បូរបែប។ ក្រោយមកនៅឆ្នាំ២០១៨ អ្នកមីងបានស្នើប្រាក់កម្ចីវគ្គទី៣ ចំនួន ប្រាំមួយពាន់ដុល្លារ ដើម្បីទិញដីស្រែបន្ថែម ដែលនេះជាចំណុចផ្លាស់ប្តូរដ៏សំខាន់ក្នុងការបង្កើនការដាំដុះ និងផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារបានយ៉ាងមានស្ថិរភាព។ រហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីចំណូលពីមុខរបរនេះ មានស្ថិរភាពជាងមុន អ្នកមីងបានស្នើប្រាក់កម្ចីវគ្គទី៤ ចំនួន ពីរម៉ឺនពីរពាន់ដុល្លារ ដើម្បីទិញដីភូមិមួយកន្លែង និងសាងសង់ផ្ទះថ្មីមួយដ៏មានផាសុកភាពសម្រាប់គ្រួសារ។

តាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ និងការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នាំឱ្យមុខរបររបស់អ្នកមីង ធឹក ផើយ ទទួលបានការរីកចម្រើនជាខ្លាំង ដែលធ្វើឱ្យអ្នកមីងក្លាយជាអ្នកផ្គត់ផ្គង់បន្លែដ៏សំខាន់មួយរូបក្នុងតំបន់ដែលគាត់រស់នៅ។ សាច់រឿងរបស់ អ្នកមីង ផើយ បានបង្ហាញថាយ៉ាងច្បាស់ថា ការខិតខំប្រឹងប្រែង និងការប្រើប្រាស់ប្រាក់កម្ចីបានត្រឹមត្រូវ ពិតជាអាចជួយលើកកម្ពស់ជីវភាព និងបង្កើតអនាគតមួយកាន់តែប្រសើរឡើងសម្រាប់ខ្លួនឯង និងគ្រួសារ។



Publish date: June 19 , 2026