អិលអូអិលស៊ី បន្តគាំទ្រវិស័យកសិកម្ម តាមរយៈការដាក់សម្ពោធ “ឥណទានធាតុចូលកសិកម្ម” នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានរៀបចំពិធីសម្ពោធជាផ្លូវការ នូវផលិតផលថ្មី “ឥណទានធាតុចូលកសិកម្ម” នៅភូមិពោធិ៍មួយ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដៃគូផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបងប្អូនប្រជាកសិករប្រមាណ ២៥០នាក់ មកពីឃុំគារ ឃុំតាលាស់ ឃុំជ្រៃ ឃុំរបស់មង្គល និងឃុំមោង ក្នុងខេត្តបាត់ដំបង។

ឥណទានធាតុចូលកសិកម្ម ត្រូវបានបង្កើតឡើង ដើម្បីជួយឱ្យដៃគូផ្គត់ផ្គង់ធាតុចូលកសិកម្ម ទទួលបានការទូទាត់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាព ខណៈដែលប្រជាកសិករអាចទទួលបានឥណទានសម្រាប់ទិញធាតុចូលកសិកម្ម ។

ផលិតផលនេះ ក៏គាំទ្រកសិករឱ្យអាចទទួលបានធាតុចូលកសិកម្មចាំបាច់សម្រាប់ការបង្កបង្កើនផល ដូចជា ជី ថ្នាំកសិកម្ម គ្រាប់ពូជ ប្រេងឥន្ធនៈ និងសម្ភារៈកសិកម្មផ្សេងៗ ពីអ្នកផ្គត់ផ្គង់ដែលជាដៃគូរបស់ អិលអូអិលស៊ី បានទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត ដោយមិនចាំបាច់មានទ្រព្យធានា និងអាចបង់សងប្រាក់ដើម និងការប្រាក់នៅចុងវដ្តឥណទាន ដែលស័ក្តិសមទៅនឹងវដ្តចំណូលពីការប្រមូលផល។

អិលអូអិលស៊ី បន្តប្តេជ្ញាផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងសមស្របទៅតាមតម្រូវការរបស់សាធារណជន ពិសេសប្រជាកសិករ និងដៃគូអាជីវកម្ម ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

អិលអូអិលស៊ី ជាគ្រឹះស្ថានឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ឥណទានក្នុងទំហំធំ ជាមួយអត្រាការប្រាក់សមរម្យ និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្ម និងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។



Publish date: May 23 , 2026