អង្គការ Social Performance Task Force (SPTF) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចគាំពារអតិថិជន ក្នុងវិស័យសេវាហិរញ្ញវត្ថុកម្ពុជា

អិលអូអិលស៊ី (ខេមបូឌា) សូមស្វាគមន៍ចំពោះភាពជាដៃគូ ដែលបានប្រកាសនៅថ្ងៃនេះដោយអង្គការ Social Performance Task Force (SPTF) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុងគោលបំណងពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ប្រកបដោយការទទួលខុសត្រូវ។ បរិយាបន្នហិរញ្ញវត្ថុដែលផ្អែកទៅលើគោលការណ៍នៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ និងជួយឱ្យពួកគាត់អាចជម្នះបាននូវបញ្ហាប្រឈមនានា។ យ៉ាងណាមិញ កិច្ចការបន្ទាន់នាពេលនេះគឺការកសាងទំនុកចិត្តរបស់អ្នកពាក់ព័ន្ធនៅក្នុងវិស័យរបស់យើង និងមានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើ។ 

អិលអូអិលស៊ី (ខេមបូឌា) ប្តេជ្ញាចិត្តនឹងសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់រួមមាន អង្គការ SPTF សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា អតិថិជនរបស់យើង និងដៃគូកម្ចីនានា ដើម្បីកត់សម្គាល់ចំណុចដែលត្រូវកែលម្អនៅក្នុងវិធានការដែលមានស្រាប់ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការ តាមរយៈការត្រួតពិនិត្យជាប្រចាំពីភាគីពាក់ព័ន្ធ។ អិលអូអិលស៊ីនឹងសហការជាមួយអង្គការ SPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីធ្វើឱ្យមានវឌ្ឍនភាពរឹងមាំក្នុងការសម្រេចនូវគោលដៅដ៏មានសារៈសំខាន់នេះ។