Promotions
ប្រូម៉ូសិន
រាជធានីភ្នំពេញ ការិយាល័យកណ្តាល អិលអូអិលស៊ី៖ នៅថ្ងៃទី២៩ និង៣០ ខែឧសភា ឆ្នាំ២០២៥ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍”។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញ និងសមត្ថភាពដល់អ្នកចូលរួមក្នុងការសម្រុះសម្រួលវិវាទ ឬដោះស្រាយជម្លោះដោយតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់វប្បធម៌ការសន្ទនា ពង្រឹងទំនាក់ទំនងសហគមន៍ បង្កើនបរិយាកាសប្រកបដោយសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍។
កម្មវិធីនេះទទួលបានការចូលរួមពីមន្ត្រីរាជការជាច្រើនរូប រួមទាំងប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មេឃុំ/ចៅសង្កាត់ មេភូមិ ជំទប់ឃុំ និងបុគ្គលិក អិលអូអិលស៊ី ។ ជាពិសេស អិលអូអិលស៊ី បានអញ្ជើញអ្នកជំនាញឯកទេសមកពីមជ្ឈមណ្ឌលសម្រុះសម្រួលវិវាទកម្ពុជា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍អនុវត្តជាក់ស្តែងដល់អ្នកចូលរួមតែម្តង។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ អិលអូអិលស៊ី បានថ្លែងដូច្នេះថា៖ “ អិលអូអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយដែលមានការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។ វគ្គបណ្តុះបណ្តាលនេះជាជំហានសំខាន់ក្នុងការផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញសម្រុះសម្រួល ដើម្បីបង្កើនបរិយាកាសសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍”។
លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យអ្នកចូលរួមអភិវឌ្ឍជំនាញ ក្នុងការទប់ស្កាត់ គ្រប់គ្រង និងដោះស្រាយវិវាទក្នុងសហគមន៍ដោយសន្តិវិធី ដោយមានការយល់ស្របពីគ្រប់ភាគីពាក់ព័ន្ធ។ លោកសង្ឃឹមថា វាជាឱកាសមួយសម្រាប់បង្កើនភាពរួបរួម និងអភិវឌ្ឍសន្តិភាពប្រកបដោយចីរភាពនៅក្នុងសហគមន៍។
គួរបញ្ជាក់ផងដែរ អិលអូអិលស៊ី តែងតែរិះរក និងបង្កើតនូវកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីជំរុញ និងគាំទ្រដល់ការបង្កើនជំនាញទៅកាន់បុគ្គលិក និងអតិថិជន ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងជំនាញក្នុងការប្រាស្រ័យទាក់ទង៕
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2025 LOLC (Cambodia) Plc , All Rights Reserved