អិលអូអិលស៊ី៖ ការចូលរួមក្នុងការងារសង្គម និងការបណ្តុះបណ្តាលទៅកាន់សហគមន៍ក្នុងឆ្នាំ​ ២០២៣ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងត្រៀមជំរុញសកម្មភាពនេះឱ្យកាន់តែសកម្មបន្ថែមទៀតក្នុងឆ្នាំ ២០២៤​ នេះ

ឈរលើគោលជំហរជាគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុ និងទទួលប្រាក់បញ្ញើឈានមុខគេនៅក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី កំពុងបន្តពង្រីកសក្តានុពលឥតឈប់ឈរលើផលិតផល និងសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយបរិយាបន្ន។ ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសេវាកម្ម ការយកចិត្តទុកដាក់ទៅលើការងារសង្គម និងផលប្រយោជន៍រួមរបស់សហគមន៍ក៏ជាកាតព្វកិច្ចចម្បងដែល អិលអូអិលស៊ី មិនដែលមើលរំលង។ ជាក់ស្តែងជារៀងរាល់ឆ្នាំ អិលអូអិលស៊ី​ តែងតែរៀបចំនូវផែនការការងារសង្គមជាច្រើន​រួមមាន​វគ្គបណ្តុះបណ្តាលអំពីចំណេះដឹងហិរញ្ញវត្ថុទៅកាន់សហគមន៍ ការថែរក្សាការពារបរិស្ថាន ការចូលរួមចំណែកផ្សេងៗទៀតទៅកាន់សហគមន៍ជាដើម។

តាមរយៈការបង្ហាញជូននូវលទ្ធផលក្នុងឆ្នាំ២០២៣ កន្លងផុតទៅថ្មីៗនេះ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូលអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាល ដល់សហគមន៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន អំពីចំណេះដឹងហិរញ្ញវត្ថុបានសរុបចំនួន ២៣៧វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៤,២១៨នាក់ ក្នុងនោះមានស្ត្រីចូលរួមចំនួន ៣,៣៣៥នាក់។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងក្រោមប្រធានបទជាច្រើនរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងចំណូលចំណាយ ការសន្សំប្រាក់ ការរៀបចំហិរញ្ញវត្ថុសម្រាប់ហានិភ័យនៅពេលអនាគត ការប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងវិធីសាស្ដ្រដោះខ្លួនចេញពីបំណុលជាដើម ដើម្បីធានាឱ្យបានថា អតិថិជនរបស់ អិលអូអិលស៊ី និងប្រជាពលរដ្ឋមានសុវត្ថិភាពហិរញ្ញវត្ថុ និងទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នស្របតាមយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា។​ នេះជាលទ្ធផលមួយដ៏គួរឱ្យកត់សម្គាល់ និងបង្ហាញពីការគិតគូរ និងចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជនក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ក្រៅពីការចុះផ្តល់វគ្គបណ្តុះបណ្តាល ទៅកាន់សហគមន៍ដោយផ្ទាល់ អិលអូអិលស៊ី ក៏បានចែករំលែកនូវមាតិកាស្តីពីបំណិន និងចំណេះដឹងហិរញ្ញវត្ថុនៅលើគ្រប់បណ្តាញសង្គមរបស់ខ្លួនជារៀងរាល់ថ្ងៃថែមទៀតផង ដើម្បីធានាបានថាប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន មានការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុកាន់តែច្រើន។

បន្ថែមលើនេះ អិលអូអិលស៊ី បានរៀបចំព្រឹត្តិ្កការណ៍សហគមន៍ (CSR) ដោយបានចែករំលែកទៅដល់សាលារៀន និងភូមិឃុំនៅក្នុងសហគមន៍ជាច្រើនទូទាំងប្រទេស ដែលរួមមានដូចជា ​ការរៀបចំសាលារៀនឱ្យមានសោភណភាពថ្មី ចែករំលែកសម្ភារសិក្សា ការដាំដើមឈើ ការសម្អាតទីធ្លាសាធារណៈ ការចែកជូនធុងសំរាម បង់អង្គុយលេង និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត​​។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកសង្គមដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីកា្លយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគត​។ គួររំលឹកផងដែរថា​​ អិលអូអិលស៊ី ក៏បានរៀបចំនូវសកម្មភាពផ្សេងទៀតតាមរយៈការចុះយកអំណោយមួយចំនួន មានដូចជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងសាប៊ូដុសខ្លួន ចែកជូនប្រជាជនដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ និងការផ្តល់កង់ដល់កុមារដែលមានជីវភាពខ្វះខាតដើម្បីសម្រួលដល់ការធ្វើដំណើរមកកាន់សាលារៀនជាដើម។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា អិលអូអិលស៊ី បានយកចិត្តទុកដាក់លើការជួយប្រជាពលរដ្ឋទូទៅក្នុងពេលមានអាសន្ន ឬជួបបញ្ហា។

អិលអូលអិលស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការដើរតាមផែនការដែលបានរៀបចំឡើងសម្រាប់ឆ្នាំ ២០២៤ នេះទៅលើការចូលរួមកិច្ចការសង្គម ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍បន្តទៀត ដោយនាំយកនូវមេរៀនល្អៗទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ ព្រមទាំងចំណេះដឹងអំពីបរិស្ថានផងដែរ។

Publish date: January 26, 2024