ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”

ក្រុងប៉ោយប៉ែត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៖ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និង លោក ពេស រីយាស័ក អភិបាលរងនៃគណៈអភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត សរុបប្រមាណជាង ១០០ នាក់ផងដែរ។

សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយ និរន្តរភាព ដែលប្រតិបត្តិករមីក្រូហិរញ្ញវត្ថុបានទទួលនូវអនុសាសន៍ល្អៗបន្ថែមទៀតពីសំណាក់ឯកឧត្តមអគ្គនាយកត្រួតពិនិត្យ លោកអគ្គនាយករងត្រួតពិនិត្យ លោកអភិបាលរងនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអនុវត្តនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដែលអាចបំពេញតាមតម្រូវការរបស់ប្រជាជនឱ្យកាន់តែមានភាពប្រសើរ ទ្បើងថែមទៀត និងការរួមគ្នាសហការលើកកម្ពស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានអត្រាការប្រាក់សមរម្យ និងមានយន្តការ ការពារអតិថិជនច្បាស់លាស់។