ខ្មែរ
  • EN
  • ខ្មែរ

អិលអូអិលស៊ី បានអនុញ្ញាតឱ្យនិស្សិតនៃវិទ្យាស្ថាន CamEd Business School មកធ្វើទស្សនកិច្ចសិក្សា


អិលអូអិលស៊ី តែងតែឱ្យតម្លៃទៅលើការអប់រំ ដោយចាត់ទុកថាសកម្មភាពទាំងឡាយណាដែលចូលរួមដើម្បីជំរុញការយល់ដឹងរបស់សិស្ស និស្សិត សាធារណៈជន បុគ្គលិកក្រុមហ៊ុនផ្ទាល់ ទាក់ទងទៅនឹងចំណេះដឹង ជំនាញ និងការសិក្សាអប់រំនានា គឺជាកត្តាអទិភាព។ តួយ៉ាងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ អិលអូអិលស៊ី បានអនុញ្ញាតឱ្យនិស្សិតនៃវិទ្យាស្ថានCamEd Business School ចំនួន១២នាក់បានមកធ្វើទស្សនកិច្ចសិក្សានៅការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី។
នៅក្នុងទស្សនកិច្ចសិក្សានេះ អិលអូអិលស៊ីបានរៀបចំឱ្យមានជាការធ្វើបទបង្ហាញរបស់នាយិកានាយកដ្ឋានធនធានមនុស្ស ទាក់ទងទៅនឹងទស្សនវិស័យ បេសកកម្ម គុណតម្លៃ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន និងឱកាសការងារ លក្ខណៈសម្បតិ្តដើម្បីអាចឈានទៅរកភាពជោគជ័យនៃអាជីពការងារនៅពេលខាងមុខ។ ជាមួយគ្នានេះដែរប្រធាននាយិកាប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ក៏បានធ្វើបទបង្ហាញដល់និស្សិតទាំងអស់អំពីផលិតផល និង សេវាកម្ម របស់ក្រុមហ៊ុនដើម្បីជាការផ្សព្វផ្សាយ និងផ្តល់នូវចំណេះដឹងទៅដល់និស្សិតផងដែរ។ ទន្ទឹមនឹងនោះលោកស្រីប្រធាននាយិកាក៏បានចែករំលែកនូវបទពិសោធន៍ល្អៗ ភាពជោគជ័យទាក់ទងទៅនឹងជិវិតការងារតាំងពីពេលនៅរៀន ហូតដល់មានការងារ និងបានក្លាយទៅជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ស្ថាប័ន។ ការចែករំលែកនូវបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍មួយនេះ ធ្វើឱ្យនិស្សិតទាំងអស់មានភាពពេញចិត្ត មោទនភាពចំពោះភាពដឹកនាំជាស្រ្តី និងសមគួរទៅដល់ភាពជាគំរូសម្រាប់យុវវ័យជំនាន់ក្រោយ។ សំនួរជាច្រើនត្រូវបានចោទសួរទៅដល់វាគ្មិនទាំងពីររបស់យើងក្រោយពីបញ្ចប់ការធ្វើបទបង្ហាញ ដែលសកម្មភាពនេះបញ្ជាក់យ៉ាងច្បាស់ពីចំណាប់អារម្មណ៍ និងឆន្ទៈក្នុងការរៀនសូត្ររបស់និស្សិតទៅលើវិស័យមីក្រូហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះនិស្សិតទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលទៅមើលសកម្មភាព ការងារនៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរតនាភិបាល និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ នាយក/នាយិកានាយកដ្ឋាន ព្រមទាំងបុគ្គលិកបានធ្វើកាស្វាគមន៍ និងបានរៀបរាប់ប្រាប់និស្សិតពីទំនួលខុសត្រូវរបស់ផ្នែកនីមួយៗនៅក្នុងនាយកដ្ឋាន ចំនួនបុគ្គលិក បង្ហាញពីបរិយាកាសការងារ និងការកសាងក្តីសុបិន្តដែលផ្តើមចេញពីឆន្ទៈ និងការដាក់គោលដៅច្បាស់លាស់សម្រាប់អាជីពការងារក្នុងពេលអនាគត។
ជាទីបញ្ចប់ក្រុមនិស្សិតបានបង្ហាញនូវអំណរគុណ និងបានផ្តល់នូវCertificate of Appreciation ជូនទៅដល់Presenterទាំងពីរ ព្រមទាំងបង្ហាញនូវការតាំងចិត្តក្នុងការអនុវត្តទៅតាមពាក្យណែនាំល្អៗ បទពិសោធន៍ល្អៗដែលទទួលបានក្នុងថ្ងៃនេះ ដើម្បីជាការអភិវឌ្ឍន៍ខ្លួននៅថ្ងៃខាងមុខ។

 





Related Post