ខ្មែរ
  • EN
  • ខ្មែរ

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានធ្វើសន្និសីទសារព័ត៌មាន "ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ"


រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា រួមជាមួយនឹង លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានផ្តល់សន្និសីទសារព័ត៌មានមួយស្តីពី "ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ" ដែលសន្និសីទសារព័ត៌មាននេះត្រូវបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងដើម្បីបង្ហាញជូនសាធារណជនពីបច្ចុប្បន្នភាពនៃ ស្ថានភាព និងសុខភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្សព្វផ្សាយនូវផែនការសកម្មភាព ដែលសមាគមទាំងពីរ បាននិងកំពុងដាក់ចេញក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។

វេទិកាសន្និសីទសារព័ត៌មានដ៏សំខាន់នេះក៏បានជជែក ពិភាក្សា និងបកស្រាយអំពីសេចក្តីថ្លែងការណ៍រួម ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត និងបានសំណូមពរដល់ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

ចំពោះប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ សូមរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទដូចមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។





Related Post