
6 July, 2022
Nordic Microfinance Initiative (NMI) បានវិនិយោគបន្ថែមនូវទឹកប្រាក់កម្ចីអនុបំណុល ចំនួន ៧លានដុល្លារអាមេរិក ដើម្បីបន្តភាពជាដៃគូរបស់ខ្លួនជាមួយ អិលអូអិលស៊ី (ខេមបូឌា) បន្ទាប់ពីទឹកប្រាក់កម្ចីដែលបានផ្តល់នៅក្នុងឆ្នាំ២០១៨ ត្រូវបានសងត្រឡប់រួចរាល់ទាំងស្រុងនៅឆ្នាំ២០២១។
ប្រាក់កម្ចីថ្មីនេះនឹងជួយគាំទ្រ អិលអូអិលស៊ី ក្នុងការពង្រីកនូវសេវា
និងផលិតផលហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ ដល់ក្រុមគ្រួសារដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ
នៅទីជនបទនៃប្រទេសកម្ពុជា។
អិលអូអិលស៊ី
(ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ(MDI)
ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុទៅកាន់អតិថិជននៅកម្រិតមូលដ្ឋាននៃពីរ៉ាមីតសង្គម
ទទួលបានសេវាហិរញ្ញវត្ថុដែលមានលក្ខខណ្ឌល្អប្រសើរ។ អិលអូអិលស៊ី
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយអង្គការមិនស្វែងរកប្រាក់ចំណេញ
(Catholic Relief Service) និងស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ភាគហ៊ុនិក LOLC Asia Private Limited ចាប់ពីឆ្នាំ
២០១៧ មក។
ជាមួយបណ្តាញការិយាល័យដ៏ធំទូលាយសរុប ៨១សាខា នៅទូទាំងប្រទេសកម្ពុជា អិលអូអិលស៊ី បាននិងកំពុងផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប
រួមមានដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ
ភតិសន្យាហិរញ្ញវត្ថុ និងសេវាធនាគារឌីជីថលជាច្រើនផ្សេងទៀត ជាមួយនឹងចក្ខុវិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម
ឱ្យទទួលបាននូវសក្តានុពលភាពដើម្បីរស់នៅប្រកបដោយជីវភាពថ្លៃថ្នូរ
សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជនប្រាក់កម្ចីប្រមាណ
៣២០.០០០ នាក់ និងអតិថិជនប្រាក់បញ្ញើប្រមាណ ៤៨១.០០០ នាក់ ជាមួយនឹងផលប័ត្រឥណទានជាង
១,១៣ ពាន់លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើជាង ៦៦៥ លានដុល្លារអាមេរិក។
ខណៈដែលប្រទេសកម្ពុជាបាន
និងកំពុងបោះជំហានយ៉ាងយកចិត្តទុកដាក់ក្នុងការកាត់បន្ថយភាពក្រីក្រ គេសង្កេតឃើញថាកម្រិតភាពក្រីក្ររវាងប្រជាជនដែលរស់នៅទីក្រុង
និងនៅតាមទីជនបទ នៅតែមានគម្លាតពីគ្នានៅឡើយ ហើយអត្រានៃភាពក្រីក្រក្នុងចំណោមគ្រួសារនៅទីជនបទមានចំនួនពីរដងធៀបទៅនឹងគ្រួសារនៅទីក្រុង យោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
ជាង ៩០% នៃអតិថិជនរបស់ អិលអូអិលស៊ី រស់នៅទីជនបទ
ឬពាក់កណ្តាលប្រជុំជន ហើយប្រមាណជិត ៧០% នៃអតិថិជនគឺជាស្ត្រី ដែលមកពីវិស័យសំខាន់ៗដូចជា
កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ជាដើម។
រាល់ផលិតផល
និងសេវាហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជន ជាពិសេសអតិថិជននៅទីជនបទ ឱ្យទទួលបាននូវឱកាសសេដ្ឋកិច្ច
ដើម្បីអភិវឌ្ឍអាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនឱ្យកាន់តែល្អប្រសើរ។ សម្រាប់ផលិតផលឥណទាន
អិលអូអិលស៊ី ផ្តល់ជូនប្រភេទផលិតផលយ៉ាងសម្បូរបែប រួមមាន ឥណទានក្រុម ឥណទានឯកត្តជន ឥណទានសហគ្រាសធុនតូច
និងមធ្យម ឥណទានតាមរដូវកាលដែលត្រូវបានបង្កើតឡើងឱ្យស្របទៅនឹងរដូវកាលប្រមូលផលពីកសិកម្ម
ឬអាជីវកម្មអតិថិជន ឥណទានគេហដ្ឋានសម្រាប់កែលម្អគេហដ្ឋាន
និងទិញគេហដ្ឋាន និងឥណទានទឹកស្អាតនិងអនាម័យ(WASH) ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យតាមរយៈការសាងសង់ ឬជួសជុលបង្គន់អនាម័យ
ការបង្កើតកន្លែងស្តុកទឹក និងការទិញធុងចម្រោះទឹក ជាដើម។ ហើយនាពេលថ្មីៗនេះ
ការផ្តល់ជូនសេវាធានារ៉ាប់រងខ្នាតតូចពីក្រុមហ៊ុនដៃគូរបស់ អិលអូអិលស៊ី ក៏ត្រូវបានផ្សារភ្ជាប់ជាមួយផលិតផលសេវាកម្មរបស់ អិលអូអិលស៊ី
នៅពេលផ្តល់ជូនអតិថិជនផងដែរ។
“ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានមោទនភាពក្រៃលែងដែលបានក្លាយជាដៃគូដ៏យូរអង្វែងមួយរបស់ NMI។ ភាពជាដៃគូនេះអនុញ្ញាតឱ្យគ្រឹះស្ថានទាំងពីរបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍នៅជនបទ តាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ផ្តល់សក្តានុពលភាពដល់អតិថិជនជាស្ត្រី និងលើកកម្ពស់សុខុមាលភាពរបស់អតិថិជន” ប្រសាសន៍របស់ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។
តាមរយៈភាពរីកចម្រើនយ៉ាងខ្លាំងទាំងទំហំ និងការពង្រីកតំបន់ប្រតិបត្តិការ អិលអូអិលស៊ី បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាដល់អតិថិជនដែលមានចំណូលទាប
តាមរយៈការផ្តល់ជូននូវការបន្ធូរបន្ថយការប្រាក់សម្រាប់ផលិតផលឥណទាន
និងការផ្តល់ជូននូវលក្ខខណ្ឌដ៏ទាក់ទាញលើផលិតផលប្រាក់បញ្ញើសំចៃ។
បន្ថែមលើនេះ
នៅដើមឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ អិលអូអិលស៊ី ក៏បានទទួលវិញ្ញាបនបត្របញ្ជាក់ពីការការពារអតិថិជន ក្នុងចំណាត់ថ្នាក់មាសពី Social Performance Task Force (SPTF) និង CERISE
។ នេះគឺជាសមិទ្ធផលកម្រិតខ្ពស់បំផុតដែលបង្ហាញថាគ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រនេះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមស្តង់ដារតឹងរ៉ឹងបំផុតនៃកិច្ចការពារអតិថិជន
ស្របតាមស្តង់ដារជាសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម (Universal Standards for Social
Performance Management)។
“យើងមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែលបានបន្តភាពជាដៃគូជាមួយ អិលអូអិលស៊ី
ដោយសារ អិលអូអិលស៊ី មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយគាំទ្រដល់អតិថិជនក្រីក្រនៅកម្ពុជា។
ទស្សនវិស័យរបស់ អិលអូអិលស៊ី ក្នុងការផ្តល់សក្តានុពលភាពដល់អតិថិជននៅកម្រិតពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម
គឺមានភាពស៊ីសង្វាក់យ៉ាងខ្លាំងទៅនឹងទស្សនវិស័យរបស់ NMI។ ចាប់តាំងពីការវិនិយោគដំបូងជាមួយ អិលអូអិលស៊ី ក្នុងឆ្នាំ២០១៨
យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគណៈគ្រប់គ្រងដ៏រឹងមាំរបស់ អិលអូអិលស៊ី ម្ចាស់ភាគហ៊ុនិកដែលមានការទទួលខុសត្រូវសង្គម
និងកំណើនប្រកបដោយភាពរឹងមាំ។ បន្ថែមលើនេះ អិលអូអិលស៊ី មិនត្រឹមតែមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ
ក្នុងការគាំទ្រអតិថិជនដែលមានចំណូលទាប ជាមួយនឹងគុណភាពខ្ពស់និងការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះទេ
ប៉ុន្តែ អិលអូអិលស៊ី ក៏អាចរក្សាបាននូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងមុតមាំរបស់ខ្លួនក្នុងការសម្រេចបាននូវកំណើនប្រកបដោយគុណភាព
និងការទទួលខុសត្រូវសង្គម” ប្រសាសន៍របស់លោក Arthur Sletteberg អគ្គនាយកគ្រប់គ្រងរបស់ NMI។
អំពី អិលអូអិលស៊ី (ខេមបូឌា)
ភីអិលស៊ី
គិតត្រឹមខែមីនា ឆ្នាំ២០២២ អិលអូអិលស៊ី មានទ្រព្យសកម្មសរុបជាង ១,៣ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបុគ្គលិកដែលប្រកបដោយបទពិសោធន៍និងវិជ្ជាជីវៈខ្ពស់ប្រមាណ ៣.៤០០ នាក់។ អិលអូអិលស៊ី
គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំឈានមុខមួយក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងបង្កើននូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍
តាមរយៈការផ្ដល់នូវបរិយាបន្នហិរញ្ញវត្ថុ
និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្ដរភាព
ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
វិស័យហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានត្រួតពិនិត្យ និងស្ថិតក្រោមបទបញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយ អិលអូអិលស៊ី បានចូលរួមចំណែកជួយ និងផ្តល់ឱ្យអតិថិជននូវលទ្ធភាពហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជន។ ជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងនេះ អិលអូអិលស៊ី ទទួលបាននូវទំនុកចិត្តខ្ពស់ពីអតិថិជន និងអនុញ្ញាតឱ្យ អិលអូអិលស៊ី អាចបង្កើនផលប័ត្រឥណទានរបស់ខ្លួន ១៨៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥ រហូតដល់ជាង ១ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមីនា ឆ្នាំ២០២២។
អំពី NMI
NMI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ នៅទីក្រុង Oslo ប្រទេសន័រវេស។ ក្នុងនាមជាស្ថាប័នដែលបង្កើតឡើងក្រោមការសហការគ្នារវាងស្ថាប័នរដ្ឋ និងឯកជន NMI បាននិងកំពុងធ្វើការវិនិយោគ និងគាំទ្រដល់ស្ថាប័ននានាដែលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅទូទាំងអនុតំបន់សាហារ៉ា អាហ្វ្រិក និងអាស៊ី។ ដៃគូវិនិយោគិនរបស់ NMI រួមមានមូលនិធិរដ្ឋាភិបាលន័រវេស និងដាណឺម៉ាកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (Norfund និង IFU) និងស្ថាប័នហិរញ្ញវត្ថុឯកជន និងការិយាល័យគ្រួសារមកពីប្រទេសន័រវេស និងដាណឺម៉ាក។
យើងមានគោលបំណងក្នុងការបង្កើតលទ្ធផលជាវិជ្ជមានដល់សង្គម និងបង្កើតប្រាក់ចំណូលហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការវិនិយោគទុន និងការផ្តល់ជាកម្ចី។ NMI គ្រប់គ្រងមូលនិធិចំនួនប្រាំ ដែលគិតជាទឹកប្រាក់ប្រមាណជាង ៣៥០ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះយើងមានការវិនិយោគដោយផ្ទាល់ចំនួន ១៨ ហើយបានគាំទ្រអតិថិជនសរុបជាង ១២ លាននាក់ ចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការមក។