រាជធានីភ្នំពេញ
ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីស្វាគមន៍ទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការ គឺកំពូលតារាចម្រៀង មាស សុខសោភា ដែលប្រព្រឹត្តទៅក្នុងផ្សារទំនើប អ៉ីអនម៉ល សែនសុខ ស៊ីធី។
នេះជាកិច្ចសហការមួយដ៏គួរឱ្យចាប់អារម្មណ៍ជាមួយតារាចម្រៀងដែលមានកិត្តិនាមល្បីក្នុងប្រទេស ក្នុងការរួបរួមផ្សព្វផ្សាយអំពីលក្ខណៈពិសេសៗពីផលិតផល និងសេវាហិរញ្ញវត្ថុរបស់អិលអូអិលស៊ី ដែលកំពុងផ្តល់ជូនអតិថិជន ក៏ដូចជាជំរុញការផ្លាស់ប្តូរពីការគ្រប់គ្រងសាច់ប្រាក់បែបប្រពៃណី មកជាការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមបែបឌីជីថលដែលមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
លោក សុខ
វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា “យើងពិតជាមានសេចក្តីរំភើបរីករាយជាខ្លាំងដែលអិលអូអិលស៊ី បានសហការគ្នាជាមួយនឹងតារាចម្រៀងដ៏ល្បីលំដាប់កំពូលដូចជា អ្នកនាង មាស សុខសោភា ក្នុងការសហការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់អិលអូអិលស៊ី ដើម្បីឱ្យអតិថិជន និងសាធារណជនទូទៅ បានស្គាល់ និងអាចទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវសង្គម។
លោកបានបន្ថែមថា នេះគឺជាសក្ខីភាពបន្ថែមទៀតក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែទូលំទូលាយដល់អតិថិជនរបស់យើង ក៏ដូចជាសម្រាប់ប្រជាជនកម្ពុជាទាំងមូលទាំងនៅទីក្រុង និងជនបទ ក្នុងការសម្រេចចិត្តជ្រើសរើសដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវដើម្បីភាពរីកចម្រើនជាមួយគ្នា ហើយក៏អាចបង្កើននូវទំនុកចិត្តកាន់តែប្រសើរឡើងថែមទៀត ពីសំណាក់អតិថិជន និងសាធារណជនទាំងថ្នាក់ជាតិ និងអន្តរជាតិ។
អ្នកនាង មាស សុខសោភា ទូតសុច្ឆន្ទៈរបស់ អិលអូអិលស៊ី (ខេមបូឌា) ក៏បានថ្លែងដែរថា “ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយជាខ្លាំងដែល អិលអូអិលស៊ី បានរៀបចំកម្មវិធីដ៏វិសេសវិសាលនេះសម្រាប់ទទួលស្វាគមន៍នាងខ្ញុំក្នុងការបំពេញការងារជាទូតសុច្ឆន្ទៈ។
នាងខ្ញុំជឿជាក់ថា តាមរយៈការបំពេញកិច្ចការងារជាទូតសុច្ឆន្ទៈរបស់អិលអូអិលស៊ី យើងនឹងរួមគ្នាផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ប្រជាជនកម្ពុជារបស់យើងឱ្យបានស្គាល់ច្បាស់អំពីលក្ខណៈពិសេសនៃផលិតផល និងសេវាកម្មរបស់អិលអូអិលស៊ី ដែលមានលក្ខណៈបត់បែន និងអាចបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ បន្ថែមលើនេះ យើងនឹងរួមគ្នាផ្សព្វផ្សាយឱ្យអតិថិជនយល់ដឹងកាន់តែច្រើនពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរទម្លាប់ពីការរក្សាទុកសាច់ប្រាក់នៅផ្ទះដែលមានហានិភ័យខ្ពស់ មកដាក់សន្សំនៅស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់ពីការសន្សំផងដែរ។ ម៉្យាងទៀត នាងខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាជនកម្ពុជាយើង នឹងផ្លាស់ប្តូរទម្លាប់ពីការខ្ចីប្រាក់ឯកជន ឬតាមប្រព័ន្ធ អនឡាញដែលគ្មានប្រភពច្បាស់លាស់ មានអត្រាការប្រាក់ខ្ពស់ ហើយងាកមកប្រើប្រាស់សេវាឥណទានផ្លូវការពីអិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណស្របច្បាប់ និងអនុលោមពេញលេញតាមគោលការណ៍ការពារអតិថិជន។
គួរបញ្ជាក់ដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
អំពីអិលអូអិលស៊ី
(ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖
ទ្រព្យសកម្មសរុប ប្រមាណ ១.៤៧០ លានដុល្លារអាមេរិក ដែលកើនឡើង ២០% ធៀបនឹងឆ្នាំ២០២១។
ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៤៨ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១។
សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦០ លានដុល្លារអាមេរិក ដែលកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២១។
បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៥ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់។