ក្រៅពីការខិតខំផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនយ៉ាងល្អប្រសើរហើយនោះ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខនៅកម្ពុជា អិលអូអិលស៊ី តែងតែយកចិត្តទុកដាក់ទៅលើការចែករំលែកបំណិន និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សហគមន៍។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃ អិលអូអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់អតិថិជន អិលអូអិលស៊ី ព្រមទាំងសាធារណជនទូទៅដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងជ្រោយ ឃុំសូទិព្ទ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាមួយនឹងប្រធានបទស្តីពី “ចំណូល និងចំណាយ”។ ប្រធានបទនេះបានបង្ហាញទៅកាន់អ្នកចូលរួមពីរបៀបបង្កើនប្រាក់ចំណូល ការកាត់បន្ថយទៅលើការចំណាយផ្សេងៗដែលមិនចាំបាច់ ការកត់ត្រារាល់ចំណូល និងចំណាយឱ្យបានត្រឹមត្រូវ ជាពិសេសបង្ហាញពីអត្ថប្រយោជន៍ក្នុងការសន្សំប្រាក់ សម្រាប់បំពេញតម្រូវការចាំបាច់នាពេលអនាគត គ្រាមានអាសន្ន ឬហេតុការណ៍មិនបានត្រៀមទុកមុនជាដើម ឆ្លៀតពេលនោះក្រុមការងារ អិលអូអិលស៊ី ក៏បានជម្រុញឱ្យអ្នកចូលរួមទាំងអស់បន្តចែករំលែកចំណេះដឹងទាំងនេះទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។
ដោយឡែក សម្រាប់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសង្គមជាតិ អិលអូអិលស៊ី ក៏មិនបានមើលរំលងផងដែរ ជាក់ស្តែងនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ អិលអូអិលស៊ី ក៏បានរៀបចំនូវសិក្ខាសាលាមួយស្តីអំពី កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន ក្រោមប្រធានបទស្ដីពី “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន” ទៅកាន់និស្សិតចំនួន ៧០នាក់ នៃវិទ្យាស្ថានអាហ្កា ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណង ចែករំលែកបំណិន និងចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុទៅដល់និស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនានា ដើម្បីរួមចំណែកក្នុងការពង្រឹងនូវគុណភាពធនធានមនុស្ស ស្របតាមគោលបំណងរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ មួយវិញទៀតសិក្ខាសាលានេះផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ទៅកាន់សិស្សនិស្សិតដើម្បីឱ្យពួកគេយល់ដឹងទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុដូចជា ការកត់ត្រាពីចំណូល និងចំណាយប្រចាំថ្ងៃឱ្យបានត្រឹមត្រូវដើម្បីកំណត់ផែនការណ៍ហិរញ្ញវត្ថុច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យពួកគេចេះសន្សំប្រាក់សម្រាប់តម្រូវការនាថ្ងៃអនាគតផងដែរ។ នៅ អិលអូអិលស៊ី យើងជឿជាក់ថា នៅពេលប្រជាពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុគ្រប់គ្រាន់ សហគមន៍យើងរស់នៅនឹងរីកចម្រើនកាន់តែឆាប់រហ័ស ប្រកបដោយនិរន្តរភាព។
Publish date: August 22 2023