រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំមួយក្នុងចំណោមគ្រឹះស្ថានឈានមុខនៅកម្ពុជា ត្រូវបានចាត់ថ្នាក់ជាស្ថាប័នឆ្នើមលើផ្នែកគុណភាពទិន្នន័យប្រចាំឆ្នាំ ២០២២ ពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ដែលជាក្រុមហ៊ុនផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ឱ្យដឹងថាវាជាកំណត់សម្គាល់ដោយឡែកបន្ថែមទៀតលើសមិទ្ធផលដែលយើងសម្រេចបានជាច្រើននាពេលកន្លងមក ហើយវាគឺជាតឹកតាងបញ្ជាក់បន្ថែមទៀតកាន់តែច្បាស់លាស់ថា ផែនការយុទ្ធសាស្ត្រ និងការអនុវត្តរបស់ អិលអូអិលស៊ី នាពេលកន្លងមកគឺប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់សកម្មភាពអាជីវកម្ម និងឆ្លើយតបទៅនឹងសេចក្តីត្រូវរបស់អតិថិជន ក៏ដូចជារួមចំណែកសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជាយើងទាំងមូល។
លោកបានបន្ថែមថា នៅ អិលអូអិលស៊ី យើងបាននិងកំពុងធ្វើកិច្ចការងារជាច្រើន ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវទស្សវិស័យរបស់ស្ថាប័នយើងទាំងមូលក្នុងការក្លាយខ្លួនជាស្ថាប័នដែលផ្ដល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២២ អិលអូអិលស៊ី មានទ្រព្យសកម្ម ជាង ១.៤២៨ លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ១.២១០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុប ៧៣៦ លានដុល្លារ អតិថិជនទាំងអស់ចំនួនជាង ៥០ ម៉ឺននាក់នៅទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី ក៏បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign ហើយថ្មីៗនេះ នៅក្នុងដើមឆ្នាំ២០២២ អិលអូអិលស៊ី ក៏បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ Cerise និង SPTF។ វិញ្ញាបនបត្រកម្រិតមាស គឺជាសមិទ្ធផលកម្រិតខ្ពស់បំផុត និងបង្ហាញថាគ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រនេះ បំពេញគ្រប់លក្ខខណ្ឌស្តង់ដារកម្រិតខ្ពស់បំផុតនៃការការពារអតិថិជន ស្របតាមស្តង់ដារសាកលនៃការគ្រប់គ្រងសកម្មភាពសង្គមផងដែរ។