ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមដោយតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ តំណាងស្ថាប័នដៃគូ តំណាងសហគ្រាសធុនតូច និងមធ្យម ថ្នាក់ដឹកនាំរបស់ FASMEC និងភាគីពាក់ព័ន្ធផ្សេងទៀតប្រមាណជាង ២០០នាក់ ទូទាំងប្រទេស។
សន្និបាតនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមករវាងម្ចាស់សហគ្រាសធុនតូច និងមធ្យម សមាជិកតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការពិភាក្សាសំណេះសំណាលគ្នាអំពីគន្លឹះថ្មីៗដែលធ្វើឱ្យអាជីវកម្មរីកចម្រើន ក៏ដូចជាបង្កើតឱកាសសម្រាប់ក្រុមហ៊ុនទាំងនេះក្នុងការផ្សារភ្ជាប់អាជីវកម្មគ្នាជាមួយក្រុមហ៊ុនដែលមកពីគ្រប់បណ្តាខេត្តក្រុងទាំងអស់ផងដែរ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) មានប្រសាសន៍ឱ្យដឹងថា៖ កិច្ចសន្និបាតនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ឱ្យម្ចាស់សហគ្រាសអាចចូលរួមសហការគ្នាក្នុងការធ្វើអាជីវកម្ម ធ្វើការចែករំលែក និងទទួលបាននូវអនុសាសន៍ល្អៗ ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលឆ្នើមជាច្រើនរូបទៀតក្នុងវិស័យធុរកិច្ច។ លោកបានបន្ថែមថា អិលអូអិលស៊ី ពិតជាមានក្តីរីករាយ និងកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកិច្ចសន្និបាតមួយនេះ ដែលជាការរួមចំណែកក្នុងការបង្កើតនូវឱកាសឱ្យសហគ្រិនកម្ពុជាយើងទទួលបាននូវគន្លឹះល្អៗជាច្រើនក្នុងការពង្រឹង និងកសាងសេវាកម្មឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជនបន្ថែមទៀតក្នុងន័យរួមគឺដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាយើងទាំងមូលផងដែរ។
គួរបញ្ជាក់ដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
អំពីអិលអូអិលស៊ី (ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖
• ទ្រព្យសកម្មសរុប ប្រមាណ ១.៤៩៣ លានដុល្លារអាមេរិក ដែលកើនឡើង ២៣% ធៀបនឹងឆ្នាំ២០២១។
• ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៦៦ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំ២០២១។
• សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៧៥ លានដុល្លារអាមេរិក ដែលកើនឡើង ៣៣% ធៀបនឹងឆ្នាំ២០២១។
• បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៤ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់។