ខ្មែរ
  • EN
  • ខ្មែរ

អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា លើកកម្ពស់រូបិយបណ្ណជាតិ និងជំរុញចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា


រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជាដើម្បីអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២៣) នៅបរិវេណរ៉ូយ៉ាល់ផ្លាហ្សា ផ្សារទំនើបអ៉ីអន ម៉ល មានជ័យ (អ៉ីអន ៣)។ កម្មវិធីតាំងពិពណ៌ប្រាក់រៀលនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ផ្សព្វផ្សាយប្រព័ន្ធបាគង និងយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជនទូទៅ។

ការរៀបចំខួបលើកទី៤៣ នៃទិវាប្រាក់រៀលនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាតំណាងវិស័យធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនផងដែរ ។

អិលអូអិលស៊ី ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ហើយរឹតតែមានមោទកភាពដែលបានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការដាក់ឱ្យចរាចរឡើងវិញក្នុងរយៈពេល៤៣ឆ្នាំ មកនេះ។ ប្រាក់រៀលដើរតួនាទីយ៉ាងសំខាន់ ជារូបិយបណ្ណជាតិដែលតំណាង និងផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិ បង្ហាញពីអធិបតេយ្យភាពផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យរឹងមាំ។ អិលអូអិលស៊ី ប្តេជ្ញាបន្តលើកស្ទួយប្រាក់រៀលខ្មែរឱ្យមានសកម្មភាពសកម្មថែមទៀត តាមរយៈការបន្តផ្តល់ឥណទានជាប្រាក់រៀលជូនអតិថិជនជាមួយអត្រាការប្រាក់ទាបសមរម្យ ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់សម្រាប់គណនីបញ្ញើជាប្រាក់រៀល និងពង្រឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលធានាបានភាពរីកចម្រើនខ្ពស់តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់និងឧបករណ៍គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជាដូចជា ប្រព័ន្ធបាគង និងប្រព័ន្ធសេវាទូទាត់រហ័ស (Fast Payment) ជាដើម។

អំពីអិលអូអិលស៊ី (ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖
• ទ្រព្យសកម្មសរុប ប្រមាណ ១.៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២២% ធៀបនឹងឆ្នាំ២០២១។
• ផលប័ត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២១។
• សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦៧ លានដុល្លារអាមេរិក ដែលកើនឡើង ៣២% ធៀបនឹងឆ្នាំ២០២១។
• បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៤ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់។










Related Post