រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមផ្តល់សុន្ទរកថាស្វាគមន៍ ព្រមទាំងធ្វើបទបង្ហាញស្តីពីទស្សនវិស័យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងផែនការអាទិភាពស្តីពីការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា នៅក្នុងវេទិកាប្រចាំឆ្នាំលើកទី៣ ស្តីពីការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។
វេទិកានារសៀលនេះ មានការចូលរួមធ្វើ បទបង្ហាញ និងវេទិកាពិភាក្សា ពីតំណាងធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍ និងអ្នកវិនិយោគ ពាក់ព័ន្ធនឹងទស្សនវិស័យ បទប្បញ្ញតិនានា ក៏ដូចជាផែនការអាទិភាព ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។
បន្ថែមលើនេះផងដែរ កម្មវិធីនារសៀលនេះក៏បានប្រារព្ធពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការនូវគម្រោង "ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុនៅក្នុងសហគមន៍" ក្នុងទិសដៅលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិនិងកិច្ចការពារអតិថិជន ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូអភិវឌ្ឍដទៃទៀត។
វេទិកាប្រចាំឆ្នាំលើកទី៣ នារសៀលនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមដោយតំណាងធនាគារជាតិនៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍ និងអ្នកវិនិយោគ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១៣០ នាក់។