ភ្នំពេញ ៖ គណៈប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវទៅកាន់វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា នៅឯកម្មវិធី European Microfinance Week (EMW) ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។
គណៈប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលដឹកនាំដោយលោក សុខ វឿន និងរួមដំណើរដោយលោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគម រួមទាំងគណៈប្រតិភូសមាគមធនាគារនៅកម្ពុជាបានចូលរួមក្នុងកម្មវិធី European Microfinance Week (EMW) ឆ្នាំ២០២៣ នៅប្រទេសលុចសំបួ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
កម្មវិធីរយៈពេល ៣ថ្ងៃនេះ ត្រូវបានរៀបចំដោយវេទិកាមីក្រូហិរញ្ញវត្ថុអ់ុឺរ៉ុប (e-MFP) និងគាំទ្រដោយក្រសួងការបរទេសនិងកិច្ចការអ់ុឺរ៉ុបរបស់ប្រទេសលុចសំបួ និងនាយកដ្ឋានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃក្រសួងហិរញ្ញវត្ថុលុចសំបួ ក្នុងគោលបំណងពិភាក្សាអំពីប្រធានបទផ្សេងៗ រួមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ហិរញ្ញប្បទានបៃតង សន្តិសុខស្បៀង និងនវានុវត្តន៍ឌីជីថល។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីបានថ្លែងថា កម្មវិធី EMW គឺជាវេទិកាដ៏សំខាន់មួយសម្រាប់វិនិយោគិន អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយក្នុងវិស័យមីក្រូហិរញ្ញវត្ថុមកជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីប្រធានបទសំខាន់ៗ ព្រមទាំងចែករំលែកព័ត៌មាននិងបទពិសោធល្អៗ។
លោក សុខ វឿន មានប្រសាសន៍ថា៖
«ខ្ញុំមានកិត្តយស និងក្តីរីករាយណាស់ដែលបានតំណាងឱ្យកម្ពុជាមកចូលរួមក្នុងកម្មវិធីនៅឆ្នាំនេះ ហើយ វាជាឱកាសដ៏ល្អមួយដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។ យើងទទួលបានបិទពិសោធល្អៗពីកម្មវិធី។យើងសង្ឃឹមថានឹងអាចយកបទពិសោធទាំងនោះមកអនុវត្តក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់យើង ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា»។
លោក សុខ វឿន បានបន្ថែមថា ក្នុងព្រឹត្តិការណ៍ EMW នេះគណៈប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវទៅកាន់វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា។
ក្រៅពីនេះគណៈប្រតិភូសមាគមក៏បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃវេទិកាមីក្រូហិរញ្ញវត្ថុអឺរ៉ុប (e-MFP) និងអង្គការ Social Performance Task Force (SPTF) ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរគ្រប់ជ្រុងជ្រោយបន្ថែមទៀត សំដៅពង្រឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។
កម្មវិធី European Microfinance Week (EMW) គឺជាព្រឹត្តិការណ៍ធំមួយសម្រាប់បរិយាបន្នហិរញ្ញវត្ថុ និងជាវេទិកាជួបប្រជុំអ្នកជំនាញមកពីវិស័យមីក្រូហិរញ្ញវត្ថុ និងអ្នកជំនាញផ្នែកបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ កម្មវិធី EMW ក៏ជាវេទិកាជួបប្រជុំសម្រាប់វិស័យទាំងអស់នៃឧស្សាហកម្មហិរញ្ញវត្ថុប្រកបដោយបរិយាបន្នផងដែររួមទាំងអ្នកផ្តល់ប្រឹក្សា និងអ្នកផ្តល់សេវាគាំទ្រ វិនិយោគិនភ្នាក់ងារអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកស្រាវជ្រាវ។ កម្មវិធីនេះមានការចូលរួមពីវាគ្មិនល្បីៗ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាកម្មវិធីដែលមានវគ្គពិភាក្សាប្រកបដោយគុណភាពខ្ពស់ និងជាឱកាសសម្រាប់ការកសាងបណ្តាញដ៏ល្អផងដែរ។
សម្រាប់ព្រឹត្តិការណ៍ EMW ឆ្នាំ២០២៣នេះកម្មវិធីនេះមានវគ្គពិភាក្សាជាង ៤០ ដែលពិភាក្សាអំពីប្រធានផ្សេងៗដូចជា ឌីជីថលនីយកម្ម ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតងនិងអាកាសធាតុវៃឆ្លាតសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យជាង ៦០០នាក់ ដូចជាវិនិយោគិន ដៃគូរអភិវឌ្ឍអ្នកជំនាញហិរញ្ញវត្ថុ និងស្ថានប័នហិរញ្ញវត្ថុមកពីបណ្តាប្រទេសប្រមាណ ៥០ ប្រទេសនៅជុំវិញពិភពលោក។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៦,៣% ដល់ ៤៧,៨ ទ្រីលានរៀល (១១,៨ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៤,៨% ដល់ ៤០ ទ្រីលានរៀល (៩,៧ ពាន់លានដុល្លារអាមេរិក) ដោយមាន ២,២ លានគណនី។
ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ អង្គភាពគ្រួសារ ៣៤% (មានកំណើន ១៨,៤%) ពាណិជ្ជកម្មនិងជំនួញ ២៣,២% (១៥%) កសិកម្ម ១៧,៦% (១៣,២%) សេវាកម្ម ១៣,៤% (៨,៩%) ដឹកជញ្ជូន ៤,២% (០,២%) សំណង់ ៤,៤% (១៤%) កម្មន្តសាល ១,៩% (៣០,៨%) និងផ្សេងៗ ១,៣% (៤២,៤%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ២០ ទ្រីលានរៀល (៤,៩ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៧ លានគណនី។
អត្រាការប្រាក់បញ្ញើជាប្រាក់រៀល និងដុល្លារអាមេរិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមធ្យមមាននិន្នាការកើនឡើងដល់ ៨,១៨% និង៨,០៨% រៀងគ្នា ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (៧,២៥% និង ៧,២៣%)។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងដុល្លារអាមេរិក ក៏បានកើនឡើងផងដែរ ដល់ ១៧,៣៥% និង ១៦,០១% រៀងគ្នា ពី ១៦,៦៨% និង ១៤,៩៤% ក្នុងគ្រាដូចគ្នាឆ្នាំមុន៕
Publish date: November 17, 2023