គណៈគ្រប់គ្រង

លោក សុខ វឿន

ប្រធាននាយកប្រតិបត្តិ

លោក សុខ វឿន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ទាក់ទងនឹងជំនាញដូចជា ភាពជាអ្នកដឹកនាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ការច្នៃប្រឌិតទៅលើប្រព័ន្ធឌីជីថល ផលប៉ះពាល់បរិស្ថាននិងសង្គម និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការជាមន្ដ្រីឥណទាននៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០១ ហើយ លោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាលពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៥។ ចាប់តាំងពី ឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកមានតំណែងជា នាយកប្រតិបត្ដិការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត ដែលទទួលខុសត្រូវលើប្រតិបត្ដិការប្រចាំថ្ងៃ រួមមាន ការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើ ប្រតិបត្ដិការផ្ទេរសាច់ប្រាក់ និងការពង្រីកទីផ្សារ។ លោក ចាប់ផ្ដើមបម្រើការងារនៅអិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធាន នាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។

លោក សុខ សុផល

អនុប្រធាននាយកប្រតិបត្ដិ

លោក សុខ សុផល ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិ គ្រប់គ្រងក្នុងឆ្នាំ២០០៧។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រភាសាអង់គ្លេស ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះ​បណ្តាលជាច្រើនដូចជា៖ ក្នុងឆ្នាំ២០២២ Global Climate Partnership Fund Academy 2022 ក្នុងប្រទេសស្វីស និងកម្មវិធី 21st​ Century Board Leadership Model Masterclass ដែលរៀបចំដោយ CA Sri Lanka Business School។ ក្នុងឆ្នាំ២០១៩ Boulder Program នៅប្រទេសអ៊ីតាលី ដែលផ្តោតលើការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ។ ក្នុងឆ្នាំ២០១៨ Certified Management Accountant Program ដែលផ្តោតលើយុទ្ធសាស្រ្តគ្រប់គ្រងការចំណាយ និងយុទ្ធសាស្ត្រវិភាគអាជីវកម្ម និង Board Leadership Program ដែលរៀបចំដោយ Thai Institute of Directors។ ក្នុងឆ្នាំ២០១៦ កម្មវិធីភាពជាអ្នកដឹកនាំនិងការបង្កើតថ្មី រៀបចំដោយ Women World Banking (USA)។ ក្នុងឆ្នាំ២០១៤ កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ រៀបចំដោយ Cornell University (Sri Lanka)។ ក្នុងឆ្នាំ២០១៣ Syndication Loan Pricing & Structuring រៀបចំដោយ Universal Network Intelligence (Malaysia)។ ជាងនេះទៅទៀត គាត់បានចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទៀតផងដែរ។ ទាក់ទងនឹងបទពិសោធន៍ការងារ លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ីអស់ ដោយចាប់ផ្តើមពីបុគ្គលិកគណនេយ្យគ្រប់គ្រង និងជាបន្តបន្ទាប់ត្រូវបានដំឡើង ជាប្រធានផ្នែកគណនេយ្យគ្រប់គ្រង នៃនាយកដ្ឋានហិរញ្ញវត្ថុ (២០០១-២០០៨)។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានដំទ្បើងតំណែងជា ជំនួយការនាយកប្រតិបត្ដិ (ទទួលបន្ទុកការងារវិនិយោគ) នៃនាយកដ្ឋានកិច្ចការច្បាប់ នៃធនាគារអេស៊ីលីដា។ ក្នុងខែមករា ឆ្នាំ ២០០៩ លោកត្រូវបានដំឡើង​តំណែងជានាយកប្រតិបត្ដិរង នាយកដ្ឋានកិច្ចការវិនិយោគនិងមូលបត្រ នៃធនាគារអេស៊ីលីដា។ លោក សុខ សុផល បានចាប់ផ្ដើមបម្រើការងារជាមួយអិលអូអិលស៊ី នៅក្នុងខែសីហា ឆ្នាំ២០១០ ជាប្រធាននាយកហិរញ្ញវត្ថុ ហើយលោកត្រូវដំឡើងតំណែងជាអនុប្រធាននាយកប្រតិបត្តិ នៅក្នុងខែមីនា ឆ្នាំ២០១៩។

លោកស្រី ស្វឺយ សុឌីណា

ប្រធាននាយិកាគ្រប់គ្រងហានិភ័យ

អ្នកស្រី ស្វឺយ សុឌីណា ទទួលបានសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ អ្នកស្រីទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ បន្ថែមលើនេះ អ្នកស្រីទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យពី CAMED Business School នៅដើមឆ្នាំ២០១៣។ អ្នកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំគម្រោងយុទ្ធសាស្រ្ត និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធទៅ នឹងមីក្រូហិរញ្ញវត្ថុ។ អ្នកស្រីធ្លាប់បានបម្រើការក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែល មានតួនាទីជាសវនករជាន់ខ្ពស់អស់រយៈពេលជិត៤ឆ្នាំ ដែលអ្នកស្រីទទួលខុសត្រូវក្នុងតួនាទី ជាអ្នកដឹកនាំក្រុម សវនករចុះធ្វើសវនកម្មនៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ អ្នកស្រីបានចាប់ផ្តើមបម្រើការ ឱ្យអិលអូអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០១១ និងត្រូវបានតំឡើងតំណែង ជាប្រធាននាយិកាគ្រប់គ្រងហានិភ័យ នៅក្នុងខែមីនា ឆ្នាំ២០១៨។

លោក រ៉ូម៉េស ប៉េរ៉េរ៉ា

ប្រធាននាយកបណ្ដាញចែកចាយ

លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ ធ្លាប់បានបម្រើការនៅ LOLC Finance Plc. (LOFC) ក្នុងប្រទេសស្រីលង្កា ចាប់ពីខែសីហា ឆ្នាំ២០០៤ រហូតដល់ខែកក្កដា ឆ្នាំ២០១៧ អស់រយៈពេល១៣ឆ្នាំ ក្នុងតំណែងជាជំនួយការអគ្គនាយក មុនពេលដែលលោកមកបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ ក្នុងកំឡុងពេល២៣ឆ្នាំមុន លោកបានបម្រើការងារនៅក្នុងវិស័យហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ ទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឯកទេសនៅក្នុងប្រទេសស្រីលង្កា ដោយកាន់តំណែងជាមន្រ្តីគ្រប់គ្រងជាន់ខ្ពស់ មុនពេលដែលលោកមកកាន់តំណែងជាប្រធាននាយកបណ្តាញចែកចាយនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានជំនាញនិងបទពិសោធន៍ជាច្រើនទាំងនៅក្នុងវិស័យ ធនាគារឯកទេស និងវិស័យមីក្រូហិរញ្ញវត្ថុ ដោយគ្រប់គ្រងទៅលើផ្នែកលក់ និងទីផ្សារផ្នែកហានិភ័យឥណទាន និងផ្នែកគ្រប់គ្រងការប្រមូលឥណទានត្រឡប់មកវិញ និងហិរញ្ញវត្ថុ។ ទំនួលខុសត្រូវរបស់លោករួមមាន ការធ្វើហិរញ្ញប្បទានធម្មតា និងអ៊ីស្លាម ការធ្វើហិរញ្ញប្បទានពាណិជ្ជកម្ម សេវាភតិសន្យាហរិញ្ញវត្ថុការធ្វើហិរញ្ញប្បទានលើសម្ភារប្រើប្រាស់ ការគ្រប់គ្រងផលិតផលប្រាក់បញ្ញើសន្សំ និងការគ្រប់គ្រងប្រតិបត្តិការបញ្ចាំ និងប្រតិបត្តិការឆ្លងតំបន់។ គាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនដោយជោគជ័យ រួមមាន "ការជួល ការទិញ និងការធ្វើហិរញ្ញប្បទានភតិសន្យា" "ការគ្រប់គ្រងភតិសន្យាហិរញ្ញវត្ថុ និងឥណទាន" "ការធ្វើផែនការយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ផែនការអាជីវកម្ម" និងវគ្គសិក្សាផ្សេងៗដែលទាក់ទងនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ជំនាញនិងការអនុវត្តការងារដែលលោកបានបង្ហាញស្នាដៃក្នុងតំណែងជាមន្រ្តីគ្រប់គ្រងជាន់ខ្ពស់នៅប្រទេសស្រីលង្កាបានធ្វើឱ្យលោកទទួលបានឱកាសបម្រើការងារឱ្យ LOLC Group នៅក្នុងប្រទេសកម្ពុជា។ លោក Romesh បានមកបម្រីការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែមិថុនា ឆ្នាំ២០១៧ ក្នុងតំណែងជាមន្រ្តីឯកទេសហិរញ្ញប្បទានសម្ភារប្រើប្រាស់ និងសេវាភតិសន្យាហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកជាប្រធាននាយកបណ្តាញចែកចាយ ដែលកាន់តំណែងនេះចាប់ពីខែសីហា ឆ្នាំ២០១៨។

លោកស្រី ឈាង កញ្ញា

ប្រធាននាយិកាប្រាក់បញ្ញើ​ ​និងសេវាហិរញ្ញវត្ថុ

លោកស្រី ឈាង កញ្ញា ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលអាជីវកម្មនៅសាកល វិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១២។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាស នៅសាកល វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាក់ទងនឹងការរីកចម្រើន និងផលប៉ះពាល់នៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ ផលិតផល-សេវាធនាគារឌីជីថល ទំនាក់ទំនងលក់ សេវាអតិថិជន ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងប្រតិបត្តិការ និងភាពជាអ្នកដឹកនាំ។ លោកស្រីមានបទពិសោធន៍នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ ២០០០។ លោកស្រីបានចាប់ផ្តើមអាជីពការងារជាមួយ ធនាគារអេស៊ីលីដា ក្នុងជំនាញគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញវត្ថុ នៅឆ្នាំដើមឆ្នាំ២០០០។ ចាប់ពីឆ្នាំ២០០៧ ដល់២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋាន គ្រប់គ្រងប្រាក់បញ្ញើ លោកស្រីបានផ្តួចផ្តើមគំនិត និងបង្កើតយុទ្ធសាស្រ្តក្នុងការដឹកនាំ និងកេណ្ឌប្រមូលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុជូនធនាគារស្ថាបនា ប្រកបដោយភាពជោគជ័យ។ ជាងនេះទៅទៀតនៅក្នុងឆ្នាំ ២០១៥-២០១៦ លោកស្រីបានចូលរួមក្នុងគម្រោងរួមបញ្ចូលគ្នាជាផ្លូវការរវាងធនាគារម៉ារុហាន់ជប៉ុន និងស្ថាបនា លីមីតធីត និងធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ លោកស្រីបានចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីខែមករា ឆ្នាំ២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ និងត្រូវបានដំឡើងតំណែងជា ប្រធាន នាយិកាឌីជីថល សេវាហិញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ ចាប់តាំងពីខែមីនា ឆ្នាំ២០១៩។

លោក ឌូលីប លីយ៉ាណាគី

ប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន

លោក ឌូលីប លីយ៉ាណាគី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីវិទ្យាស្ថាន គ្រប់គ្រង នៃសកលវិទ្យាល័យ Sri Jayewardenepura នៅប្រទេសស្រីលង្កា។ ហើយលោក ឌូលីប ទទួលបាន បរិញ្ញាបត្រកុំព្យូទ័រ (កម្រិត២) ចេញដោយសកលវិទ្យាល័យ Wolverhampton នៅប្រទេសអង់គ្លេស។ បន្ថែមពីលើ ចំណេះដឹងសិក្សាខាងលើ គាត់ក៏ទទួលបានបរិញ្ញាបត្រជំនាញ ផ្នែកគ្រប់គ្រងព័ត៌មានវិជ្ជា និងសុវត្ថិភាព បច្ចេកវិជ្ជាព័ត៌មានជាច្រើនរួមមាន Certified Payment Card Industry Security Implementer (CPISI) និង Certified Android Security Specialist ហើយគាត់ក៏បានបំពេញគ្រប់លក្ខខណ្ឌកំណត់ដោយស្តង់ដារ ISO 27001:2013 Lead Auditor។មុនពេលចូលបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គាត់មានបទពិសោធន៍ជាង១៤ឆ្នាំនៅប្រទេស ស្រីលង្កា ទៅលើផ្នែកផ្សេងៗទាក់ទងនឹងបច្ចេកវិជ្ជា ព័ត៌មាន និងការគ្រប់គ្រង។ គាត់បានបម្រើការងារអស់រយៈពេល ជាង១០ឆ្នាំ នៅ LankaPay (LankaClear (Pvt) Ld.) ដែលជាស្ថាប័នផ្តល់សេវារចនាសម្ព័ន្ធទូទាត់ជាតិ ក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃប្រទេស​ស្រីលង្កា។ លោក ឌូលីប មានបទពិសោធន៍ និងជំនាញទៅលើផ្នែក បច្ចេកវិជ្ជាព័ត៌មាន ការគ្រប់គ្រងគម្រោង បច្ចេកវិជ្ជាចល័ត កម្មវិធីទូទាត់កាត និងមានឯកទេសទៅលើផ្នែកសុវត្ថិភាពព័ត៌មានវិជ្ជាផងដែរ។ ក្នុងកំឡុងពេលដែលលោកកាន់ ការងារនៅ LankaPay លោកបានបង្ហាញសមត្ថភាព ការងាររបស់លោកក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយ លើសុវត្ថិភាពព័ត៌មានវិជ្ជា ដោយគ្រប់គ្រងលើប្រព័ន្ធទូទាត់ជាតិ រួមមាន (១) Online Cheque Image and truncation System (CITS) (២) JustPay ដែលជាប្រព័ន្ធទូទាត់រាយតាមរយៈទូរស័ព្ទ (៣) PKI based Digital Certification Authority និងប្រព័ន្ធផ្សេងទៀត។គាត់មិនត្រឹមតែមានបទពិសោធន៍ ទៅលើបច្ចេកវិជ្ជាព័ត៌មាន ប៉ុណ្ណោះទេតែក៏មាន បទពិសោធន៍ទៅលើផ្នែក សុវត្ថិភាពព័ត៌មានវិជ្ជា ការគ្រប់គ្រងព័ត៌មានវិជ្ជា ការគ្រប់គ្រងហានិភ័យ និងផ្នែកប្រតិបត្តិតាម ការធ្វើផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលក់និងការប្រមូល ត្រឡប់មកវិញ។ លោក ឌូលីប ក៏ធ្លាប់ជាបម្រើការជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Open នៅប្រទេសអង់គ្លេស សកលវិទ្យាល័យ Sri Jayewardenepura និង សកលវិទ្យាល័យ Wayamba នៅប្រទេសស្រីលង្កាផងដែរ។

លោក តេង ភាព

នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក តេង ភាព ទទួលបាន សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ វេសស្ទើន ក្នុងឆ្នាំ២០០៨ និង ទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មជំនាញ គណនេយ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក្នុងឆ្នាំ ២០០៤។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងទម្រង់នីតិវិធី នៃការអនុវត្តន៍ផ្ទៃក្នុង ជាលក្ខណៈអាជីព នៅក្នុង ប្រទេសម៉ាឡេស៊ី ផែនការអាជីវកម្ម និងការគ្រប់គ្រង ភាពរីកចម្រើន ក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព ក្នុងប្រទេស ម៉ុងហ្គោល ការចែករំលែក បទពិសោធន៍ ទាក់ទងនឹងធនាគារ ក្នុងប្រទេសស្រីលង្កា និងវគ្គបណ្តុះបណ្តាល ផ្សេងៗទៀត ជាច្រើនក្នុងប្រទេសកម្ពុជា មានដូចជា ការគ្រប់គ្រងហានិភ័យ សវនកម្មផ្ទៃក្នុងកម្រិតខ្ពស់ របៀបសរសេរ របាយការណ៍ និងជំនាញក្នុងការដឹកនាំ។ លោកមានបទពិសោធន៍ បម្រើការងារក្នុងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និង ស្ថាប័នក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជាច្រើន ជាង១៥ឆ្នាំ រួមមានបម្រើការងារនៅ Catholic Relief Services ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៣ ក្នុងមុខតំណែងជា សវនករផ្ទៃក្នុង និងជានាយកសាខាក្នុងឆ្នាំ ២០០៤ បន្ទាប់ពី Catholic Relief Services ត្រូវបានដាក់បញ្ចូលជាមួយ អិលអូអិលស៊ី។ លោកបានបម្រើការងារ ឲ្យគ្រឹះស្ថានអង្គរ មីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងមុខដំណែងជាអ្នកដឹកនាំក្រុម សវនករផ្ទៃក្នុង និងជាប្រធានភូមិភាគ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកចាប់ផ្ដើមបម្រើការឲ្យអិលអូអិលស៊ីជា នាយកនាយកដ្ឋានសវកម្មផ្ទៃក្នុង នៅខែធ្នូ ឆ្នាំ២០០៨។

លោកស្រី ឡេង ថាវី

នាយិកានាយកដ្ឋានធនធានមនុស្ស

អ្នកស្រី ឡេង ថាវី បានបពា្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធនធានមនុស្សពីសាកលវិទ្យាល័យម៉ូណាស់ ប្រទេសអូស្រ្តាលី និងបរិញ្ញាបត្រផ្នែកជំនួញរដ្ឋបាលពីវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងប្រទេសកម្ពុជា។ អ្នកស្រីឡេង ថាវីទទួលបានអាហារូបករណ៍ជាច្រើនដែលមានដូចជា៖ អាហារូបករណ៍ប្រទេសអូស្ត្រាលីសម្រាប់ថ្នាក់អនុបណ្ឌិត អាហារូបករណ៍ពីMastercard Foundation សម្រាប់ការសិក្សាផ្នែកមីក្រូហិរញ្ញវត្ថុជាមួយវិទ្យាស្ថានBoulder អាហារូបករណ៍ពីAFD សម្រាប់ការបណ្តុះបណ្តាលទៅលើភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិត និងអាហារូបករណ៍ប្រទេសអូស្ត្រាលីវគ្គខ្លី សម្រាប់ការបណ្តុះបណ្តាលទៅលើការដឹកនាំធនធានមនុស្សសម្រាប់បរិបទនាពេលអនាគត។ បន្ថែមពីនេះទៀត អ្នកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធការគ្រប់គ្រងធនធានមនុស្ស និងភាពជាអ្នកដឹកនាំ នៅប្រទេសមួយចំនួនមានដូចជា៖ ប្រទេសថៃ ប្រទេសសឹង្ហបុរី ប្រទេសស្រីលង្កា ប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេស ប្រទេសបារាំង​ ប្រទេសអ៊ីតាលី និងប្រទេសអូស្រ្តាលី។ អ្នកស្រីថាវីមានបទពិសោធន៍គ្រប់គ្រងធនធានមនុស្សអស់រយៈពេលជិត២០ឆ្នាំជាមួយអង្គការអន្តរជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត អ្នកស្រីក៏មានបទពិសោធន៍បម្រើការងារផ្នែកធនធានមនុស្សនៅក្រៅប្រទេសដែលមានដូចជានៅប្រទេសស្រីលង្កាចំនួន៣ខែ និងការងារក្រៅម៉ោងនៅប្រទេសអូស្ត្រាលីរយៈពេល១ឆ្នាំ។ អ្នកស្រីចាប់ផ្តើមបម្រើការងារជានាយិកានាយកដ្ឋានធនធានមនុស្ស នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នៅខែសីហាឆ្នាំ២០១៤។

លោកស្រី ទ្រី សូឡា

នាយិកានាយកដ្ឋានរតនាគារ

លោកស្រី ទ្រី សូឡា បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាង គេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួលសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១១។ លោកស្រី បានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់ គ្រងហិរញ្ញវត្ថុ ការប្រឆាំង ការសម្អាតសាច់ប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បាន បម្រើការក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុម ហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករ ជាន់ខ្ពស់អស់ រយៈពេលជិត៤ឆ្នាំ ដែល លោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើម បម្រើការឲ្យអិលអូអិលស៊ី នៅក្នុងខែ មិថុនា ឆ្នាំ២០១៥ ក្នុងតួនាទី ជានាយិកានាយកដ្ឋាន រតនាគារ។

លោកស្រី កែវ តារាទី

នាយិកានាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី កែវ តារាទី បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួល សញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១០ និង បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ ២០០៩។ លោកស្រីធ្លាប់បាន បម្រើការក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុម ហ៊ុនធំៗទាំង៤ ដែលមានតួនាទី ជាសវនករជាន់ខ្ពស់អស់ រយៈពេល៣ឆ្នាំ ដែល លោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំ ក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ មុននឹងចូលបម្រើការជាមួយ អិលអូអិលស៊ី លោកស្រីធ្លាប់បានបម្រើការជា ប្រធានគណនេយ្យនៅ ធនាគារមេយប៊ែងអស់ រយៈពេល៤ឆ្នាំ។លោកស្រីបាន ចាប់ផ្តើម បម្រើការឱ្យអិលអូអិលស៊ី នៅក្នុងខែ មិថុនា ឆ្នាំ២០១៨ ក្នុងតួនាទី ជានាយិកានាយកដ្ឋានហិរញ្ញវត្ថុ។

លោក វ៉ា សុខអូន

នាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច

លោក វ៉ា សុខអូន ជាអ្នកជំនាញដែលមានការអប់រំខ្ពស់ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងប្រទេសកម្ពុជា។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យដូចគ្នានេះ។ លើសពីនេះ លោកបានបញ្ចប់ការសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅពី សាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ ២០១៤។ លោក សុខ អូន ក៏បានចូលរួមកម្មវិធីបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងជំនាញភាពជាអ្នកដឹកនាំ ជំនាញលើកទឹកចិត្ត ជំនាញគិតពិចារណា ជំនាញដោះស្រាយបញ្ហា ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ការគ្រប់គ្រងសារពើភ័ណ្ឌ ការគ្រប់គ្រងឃ្លាំងស្តុកទំនិញនិងបរិក្ខា ការគ្រប់គ្រងអចលនទ្រព្យ និងសន្តិសុខ ផែនការបន្តអាជីវកម្ម និងធ្លាប់ត្រូវបានជ្រើសរើសឱ្យចូលរួមសិក្ខាសាលាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់របស់ WVI នៅទីក្រុងបាងកក។ លោក សុខ អូន ក៏ជាអ្នកជំនាញដែលមានបទពិសោធខ្ពស់ មានចំណេះដឹងច្រើនក្នុងផ្នែកលទ្ធកម្ម រដ្ឋបាល និងធុរកិច្ច។ លោកបានធ្វើការនៅក្នុងអង្គការ ក្រុមហ៊ុនធំៗ និងបានកាន់មុខតំណែងជាច្រើននៅក្នុងអាជីពរបស់លោក។ នៅឆ្នាំ ២០១៥ លោកបានធ្វើការជាមន្ត្រីលទ្ធកម្មនៅធនាគារ Advance Bank of Asia (ធនាគារ ABA)។ នៅខែធ្នូ ឆ្នាំ ២០១៨ លោកមានតួនាទីជាអ្នកផ្គត់ផ្គង់លទ្ធកម្ម និងយុទ្ធសាស្ត្រនៅអង្គការទស្សនៈពិភពលោក (World Vision) ។ នៅឆ្នាំ ២០២១ លោកគឺជាអ្នកគ្រប់គ្រងផ្នែកលទ្ធកម្មនៅធនាគារ Wing ដែលការងាររបស់លោកភាគច្រើនទទួលបន្ទុកលើសកម្មភាពលទ្ធកម្មប្រចាំថ្ងៃទូទៅ ការជួលអគារ និងជួយគាំទ្រផ្នែកខ្លះនៃការពង្រីកសាខា ឬទីតាំងរបស់ធនាគារវីង (Wing Bank) ជាដើម ។ លោកបានចូលរួមជាមួយ អិលអូអិលស៊ី ជាប្រធានផ្នែកគ្រប់គ្រងលទ្ធកម្មក្នុងឆ្នាំ ២០២២ ហើយត្រូវបានតែងតាំងជាប្រធានស្តីទីនៃនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច។ ក្រោយមកលោកត្រូវបានតែងតាំងជានាយក នាយកដ្ឋានរដ្ឋបាល និងធុរកិច្ច។

លោក ប៊ុន បែលឡា

នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

លោក ប៊ុន បែលឡា នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រក្នុងឆ្នាំ ២០០៩ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាន (MsIT) ក្នុងឆ្នាំ ២០១៥ ពីសាកលវិទ្យាល័យណ័រតុន។ គាត់មានបទពិសោធការងារជាង ២០ ឆ្នាំជាមួយអិលអូខេស៊ីខេមបូឌានិងស្ថាប័នដទៃទៀត។ គាត់បានចូលរួមគម្រោងទាក់ទងនឹងបច្ចេកវិជ្ជាព័ត៌មាននៅក្នុងអិលអូអិលស៊ី (ខេមបូឌា) ដូចជាការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល ទៅប្រព័ន្ធ T24 ចូលរួមធ្វើប្រព័ន្ធ Switching សម្រាប់ ATM/POS (CSS) និងគម្រោងរបស់ធានាគារជាតិមួយចំនួន (ប្រព័ន្ធ RFT ប្រព័ន្ធ FAST, និងប្រព័ន្ធ Bakong) ។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិជ្ជា ដូចជា ITIL® Foundation ការគ្រប់គ្រងប្រព័ន្ធទិន្ន័យទិន្នន័យ និង ISO-IEC_27001-2013 និងសិក្ខាសាលាមួយចំនួននៅប្រទេសក្នុងប្រទេស និងក្រៅប្រទេសដូចជាស្រីលង្កា និងសិង្ហបុរី។ គាត់ចាប់ផ្តើមអាជីពជាមួយអិលអូអិលស៊ី(ខេមបូឌា)ក្នុងឆ្នាំ ២០០១ ជាអ្នកបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ ហើយគាត់ត្រូវបានតំឡើងឋានៈជាអ្នកត្រួតពិនិត្យប្រព័ន្ធ MIS ក្នុងឆ្នាំ ២០០៥ ។ ក្នុងឆ្នាំ ២០០៨ លោកត្រូវបានដំឡើងឋានៈជាប្រធានផ្នែកត្រួតពិនិត្យការីកុំព្យូទ័រ និងបន្ទាប់មកចាប់ពី ២០១៥ ជាលោកជានាយករងនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោកជានាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន នៃអិលអូអិលស៊ី (ខេមបូឌា)។

លោក មុត ពិសី

នាយកនាយកដ្ឋានឥណទាន

លោក មុត ពិសី, នាយក នាយកដ្ឋានឥណទានម ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែក គ្រប់គ្រងអាជីវកម្ម ដែលផ្តោតទៅលើវិស័យទេសចរណ៏ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជា លើការវាយតម្លៃអចលនទ្រព្យ ការចរចា និងការដោះស្រាយវិវាទការងារ ការគ្រប់គ្រងសាខា ការកសាងសមត្ថភាពសវនករផ្ទៃក្នុង ច្បាប់ការងារ ការពង្រឹងអំណាចនៃភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការជា មន្ដ្រីឥណទាន នៅស្ថាបនាលីមីតធីត ពីឆ្នាំ ២០០៦-២០០៨ ហើយលោកត្រូវបានតំទ្បើងតំណែង ជាប្រធានមន្ត្រីឥណទាន នៅសាខាស្រុកអង្គស្នួលពីខែកុម្ភៈ ឆ្នាំ២០០៨ ដល់ខែធ្នូ ឆ្នាំ២០០៨។ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកគឺជានាយក សាខាខេត្តកំពត នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត។ លោកចាប់ផ្ដើម បម្រើការងារឱ្យ អិលអូអិលស៊ី ជាអ្នកហាត់រៀនការងារគ្រប់គ្រងសាខា នៅខែឧសភា ឆ្នាំ២០១០ ហើយលោកត្រូវបានតែងតាំងជានាយកសាខាក្រុងសួង នៅខែកក្កដា ឆ្នាំ២០១០។ នៅក្នុងខែ ឧសភា ឆ្នាំ ២០១៤ លោកត្រូវបាន តំឡើងតំណែងដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ជានាយកនាយកដ្ឋានរដ្ឋបាល និងធុរៈកិច្ច។ ក្នុងខែមីនា ឆ្នាំ២០១៧ លោកបានផ្លាស់ប្តូរការងារមក នាយកដ្ឋានឥណទាន ក្នុងមុខតំណែងជានាយករង នាយកដ្ឋានឥណទាន និងជានាយករងនាយក ដ្ឋានអាជីវកម្ម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្ន លោកត្រូវបានតម្លើងតំណែងជា នាយក នាយកដ្ឋានឥណទាន ចាប់តាំង ពីខែសីហា ឆ្នាំ២០១៨។

កញ្ញា គិត ម៉ារ៉ាឌី

នាយិកានាយកដ្ឋានច្បាប់ និងប្រតិបត្តិតាម

កញ្ញា បានបញ្ចាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពីសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅឆ្នាំ២០២២ ទទួលបានអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាផ្នែក ធុរកិច្ច និងសិទ្ធិមនុស្សនៅសកលវិទ្យាល័យ LUND ប្រទេសស៊ុយអែត នៅឆ្នាំ២០១៧ និង អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេល១ ឆ្នាំ នៅ Bowdoin College សហរដ្ឋអាមេរិក នៅឆ្នាំ២០១១។ កញ្ញាទទួលបានបរិញ្ញាបត្រចំនួន ០២ គឺបរិញ្ញាបត្រនីតិសាស្ត្រ ពីសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស ពីសាកលវិទ្យាល័យន័រតុន។ កញ្ញាធ្លាប់បានចូលរូមវគ្គបណ្តុះបណ្តាល ដូចជា វិញ្ញាបនបត្រ ICA-AML International វិញ្ញាបនបត្រ IBF-Regulatory Compliance, ស្ត្រីក្នុងភាពជាអ្នកដឹកនាំ (Harpswell ASEAN Women’s Leadership) និងកម្មវិធីសិក្ខាសាលាផ្សេងៗ នៅប្រទេស សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ជាដើម។ មុនពេលចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ម.ក កញ្ញាធ្លាប់កាន់ដំណែងជា នាយិកាប្រតិបត្តិតាមនៅ ក្រុមហ៊ុន វីងម៉ាន់នី (ខេមបូឌា) ម.ក, ធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារឯកទេស ម៉ារីថាម ម.ក, ធនាគារឯកទេសវិនិយោគទីមួយ និងធ្លាប់ជា ទីប្រឹក្សាជាន់ខ្ពស់/នាយិកាគ្រប់គ្រងការិយាល័យ នៅក្រុមហ៊ុនមេធាវី អេចប៊ីអេស។ កញ្ញាមានជំនាញខាង ច្បាប់ ប្រតិបត្តិតាម ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជំនាញស្រាវជ្រាវអំពីធុរកិច្ច និងសិទ្ធិមនុស្ស (Business and Human Rights Research) និងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR)។

លោក ថុង រិទ្ធី

នាយកនាយកដ្ឋានអាយផេ និងអាជីវកម្មឌីជីថល

លោក ថុង រិទ្ធី បានទទួលសញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាក្នុងឆ្នាំ ២០១១។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី លោកធ្លាប់បម្រើការងារទៅលើផ្នែកគ្រប់គ្រងអាជីវករ ភាពជាដៃគូសាជីវកម្ម ការគាំទ្រប្រតិបត្តិការ ១៣៨ សាខា និងគ្រប់គ្រងលើបុគ្គលិកសេវាអតិថិជន ជាង១០០នាក់ ។ លោកធ្លាប់កាន់តំណែងជាអនុប្រធានចាត់ការទូទៅ នៅធនាគារ អ៊ូរី ។ លោកបានបម្រើការងារក្នុងវិស័យធនាគាររយៈពេល ១៤ ឆ្នាំកន្លងមកហើយ ទាំងធនាគារអន្តរជាតិ និងក្នុងស្រុក និងមានមុខតំណែងជាមន្រ្តីគ្រប់គ្រងជាន់ខ្ពស់ មុនពេលចូលកាន់តំណែងជានាយកនាយកដ្ឋានអាយផេ និង អាជីវកម្មឌីជីថល នៅលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានជំនាញ និងបទពិសោធន៍ទូលំទូលាយទាក់ទងនឹងការអភិវឌ្ឍន៍ e-Business ការអភិវឌ្ឍន៍ e-Channels banking ភាពជាដៃគូ B2B និងកម្មវិធី smart alliance។ លោកបានផ្តល់ការណែនាំទៅលើភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរាល់សកម្មភាពនៃការទាក់ទាញអ្នកប្រើប្រាស់ ការទាញយកអាជីវករ ចំនួនប្រតិបត្តិការនៃការប្រើប្រាស់ និងកម្មវិធីរក្សាអតិថិជន។ លោកបានកំណត់យុទ្ធសាស្ត្រទិសដៅនៃអាជីវកម្មឌីជីថល និងការអភិវឌ្ឍន៍ផលិតផល ដើម្បីបង្កើនបទពិសោធន៍ដល់អ្នកប្រើប្រាស់តាមរយៈផលិតផល និងសេវាកម្មឌីជីថល។ ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៨ លោកបានបំពេញការងារយ៉ាងពេញលេញជាមួយ ANZ Group។ លោកបានបម្រើការងារឱ្យក្រុមហ៊ុន Wing (Cambodia) Plc ដោយគ្រប់គ្រងភ្នាក់ងារវីងជាង ១៥០ នាក់ និង គ្រប់គ្រងការអនុវត្តយុទ្ធសាស្រ្តលក់ និងទីផ្សារ ទៅលើការផ្សព្វផ្សាយ និងការបង្កើតគណនីវីងទូទាំងប្រទេស លោកក៏ធ្លាប់បម្រើការងារឱ្យ ធនាគារ ANZ Royal ដោយគ្រប់គ្រងផលប័ត្រនៃផលិតផលលក់រាយ (កម្ចីទិញផ្ទះ ប្រាក់កម្ចីផ្ទាល់ខ្លួន និងប័ណ្ណឥណទាន) តាមដានដំណើរការ និងនិន្នាការរបស់ប័ណ្ណ VISA ដើម្បីកាត់បន្ថយប្រតិបត្តិការគៃបន្លំ។ គាត់បានចូលបម្រើការជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជានាយកនាយកដ្ឋានអាយផេ និងអាជីវកម្មឌីជីថលក្នុងខែសីហា ឆ្នាំ២០២២។

លោកស្រី ខេង ណាវី

លេខាធិការិកាក្រុមហ៊ុន

លោកស្រី ខេង ណាវី ទទួលសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសពីសកលវិទ្យា ល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រអក្សរសាស្រ្ត ជំនាញទំនាក់ទំនងពី វិទ្យាស្ថានភាសាបរទេសនៃ សកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១២ ហើយបានបញ្ចប់កិច្ចការស្រាវជ្រាវ នៅ សុខគង់ អាហារ័ណ និហារ័ណ ខូអិលធីឌី។ បន្ថែមលើនេះ លោកស្រី ទទួលបានវិញ្ញាបនបត្រ ភាសាអង់គ្លេសពី វិទ្យាស្ថានភាសាបរទេសបញ្ញាសាស្រ្ត និងទទួលបានការបណ្តុះបណ្តាល និងសិក្សាវគ្គខ្លី ដូចជា មូលដ្ឋានគ្រឹះ គណនេយ្យពីអង្គការអភិវឌ្ឍន៍ធនធាននិស្សិត និងជំនាញសរសេររបាយការណ៍ពី អង្គការសិក្សាដើម្បីអភិវឌ្ឍន៍។ មុនបំរើការងារនៅអិលអូអិលស៊ី លោកស្រីធ្លាប់ បំរើការងារនៅក្រុមហ៊ុនវីង ផ្នែកបំរើសេវាកម្មអតិថិជនក្នុងឆ្នាំ ២០១២។ លោកស្រីចាប់ផ្តើមបម្រើការឲ្យអិលអូអិលស៊ី ក្នុងតំណែងជាជំនួយការលេខាធិការិកានៅក្នុងឆ្នាំ២០១៣ និងត្រូវបាន តំឡើងតំណែងជាលេខាធិការិកាក្រុមហ៊ុនក្នុង ខែមិថុនា ឆ្នាំ២០១៤។